[ទីផ្សារបរទេស] Kia បានចេញផ្សាយរូបភាពផ្លូវការដំបូងនៃរថយន្ត Kia Ray ស៊េរីឆ្នាំ២០២៣ ដែលជាប្រភេទរថយន្តទីក្រុងនិងបានបង្ហាញវត្តមានលើទីផ្សារប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ២០១១មក។
រថយន្តស៊េរីថ្មីបានផ្លាស់ប្ដូរខ្លាំងដោយផ្ដោតលើរូបរាងខាងក្ដៅ ជាមួយការប្រើប្រាស់រចនាបថចុងក្រោយរបស់ Kia ដោយក្នុងនោះមានផ្នែកខាងមុខដែលផ្លាស់ប្ដូរការរចនាថ្មី ជាមួយអំពូលភ្លើង LED ដែលមានរៀបចំបែបញ្ឈរ និងផ្ទាំងប៉ាណាដែលមានដាក់ផ្លាក Kia ថ្មី។
ផ្នែកខាងក្នុង អ្វីដែលខុសពីស៊េរីមុនគឺការបំពាក់កុងទ័រប្រភេទឌីជីថល និងការប្រើប្រាស់គ្រឿងបរិក្ខារពណ៌ងងឹតជាងមុន ដែលក្រៅពីនោះគឺហាក់មិនខុសពីរថយន្តស៊េរីមុនប៉ុន្មានឡើយ។
ចំណែកម៉ាស៊ីនវិញ មិនបានបង្ហាញលក្ខណៈសម្បត្តិនោះទេ ប៉ុន្តែគេរំពឹងថា Kia Ray ស៊េរីឆ្នាំ២០២៣ នឹងបន្តប្រើម៉ាស៊ីនសាំង និងមានជាប្រភេទអគ្គិសនីសុទ្ធផងដែរ ដោយប្រភេទអគ្គិសនីសុទ្ធអាចនឹងប្រើម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ៦៧សេះ និងមានអាគុយដែលអាចបើកបរបានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់ Kia Ray ស៊េរីឆ្នាំ២០២៣ រំពឹងថានឹងប្រកាសចេញនៅប៉ុន្មានសប្ដាហ៍ទៀត ពេលដែលរថយន្តនេះជិតប្រកាសចេញលក់នៅប្រទេសកូរ៉េខាងត្បូង គឺនៅខែកញ្ញាខាងមុខ។ ចំពោញតម្លៃវិញរំពឹងថាមានចាប់ពីប្រមាណជាង ១ម៉ឺនដុល្លារស្ដើង មិនខុសពីស៊េរីមុនប៉ុន្មានឡើយ៕