Kia Sonet ស៊េរីឆ្នាំ​ ២០២៤ អាប់ដេតថ្មី ចេញលក់នៅឥណ្ឌាតម្លៃចាប់ផ្តើមអត់ដល់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញ Kia Sonet ស៊េរីឆ្នាំ​ ២០២៤ លក់ជាផ្លូវការនៅទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងភាសារចនាប័ទ្មថ្មី និងលក្ខណៈពិសេសបច្ចេកវិទ្យាថ្មី ជាមួយតម្លៃលក់ចាប់ពី ៩៥១៥ ដុល្លារ ដល់ ១៧ ៥៧១ ដុល្លារ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ប្រភេទ T-GDI អាចផលិតកម្លាំងបាន ១១៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ និងលេខដៃ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ស៊ីឡាំង  អាចផលិតកម្លាំងបាន ៨២ សេះ និងកម្លាំងរមួល ១១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ CRDi អាចផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្គ ប្រភេទប៉ុង ១ ទាំងអស់

Kia Sonet ស៊េរីឆ្នាំ ២០២៤ នេះត្រូវទទួលបានការអាប់ដេតបន្ថែម គឺផ្តោតលើផ្នែកខាងមុខដែលបានរចនាឡើងវិញជាមួយនឹងចង្កៀងប្រភេទ LED រចនាប័ទ្មបែប Mahindra-style ជាប់ជាមួយប៉ាណារចនាបែបច្រមុះខ្លា (tiger-nose grille) ព្រមទាំងកាងការពារ ក៏ដូចជារន្ធខ្យល់បែបសំណាញ់ ថាសកង់ទំហំ ១៦អ៉ីញថ្មី និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង ផ្ទៃតាឡូនៅតែរក្សាការរចនាដដែល ដោយមានអេក្រង់ទំហំ ១០,២៥ អ៉ីញជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់ដោយ Apple CarPlay និង Android Auto ប៉ុន្តែរន្ធម៉ាស៊ីនត្រជាក់ត្រូវបានរចនាថ្មី ។ លើសពីនេះ ក៏បានបំពាក់ឧបករណ៍បំពងសំលេងម៉ាក Bose ដំបូលកញ្ចក់បែប Panoramic sunroof និងពោងសុវត្ថិភាពចំនួន ៦ ជាស្តង់ដារ ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម