Kia បានធ្វើការបញ្ចេញរូបភាពថ្មីរបស់រថយន្ត Kia Sorento សេរ៊ីឆ្នាំ២០២១ ព្រមទាំងប្រកាសពីតម្លៃ និងព័ត៍មានលម្អិតអំពីម៉ាស៊ីន សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។ Kia Sorento ឆ្នាំ២០២១ទទួលបានការអាប់ដេតផ្នែកខាងក្នុង ដោយបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ១០,២៥អ៊ីង។
រថយន្ត Kia Sorento សេរ៊ីឆ្នាំ២០២១នេះ មានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ ជម្រើសម៉ាស៊ីនម៉ាស៊ូត Smartstream ចំណុះ ២,២លីត្រ កម្លាំង ១៩៨សេះ និងកម្លាំងបង្វិល ៤៤០Nm ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Dual-Clutch។ រីឯជម្រើសម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V8 Smartstream កម្លាំង ២៦៨សេះ និងកម្លាំងបង្វិល ៣៣២Nm។
ចំណែកឯទីផ្សារសហរដ្ឋអាមេរិចវិញ Sorento សេរ៊ីឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនថ្មី ប្រភេទ Hybrid បំពាក់ជាមួយម៉ាស៊ីន ១,៦លីត្រ Turbocharged ដោយប្រើម៉ូទ័រអគ្គិសនី ៤៤,២គីឡូវ៉ាត់ និងថាមពលអាគុយ Lithium-ion ១,៤៩គីឡូវ៉ាត់ម៉ោង ផលិតកម្លាំងបាន ២២៧សេះ និងកម្លាំងបង្វិល ៣៥០Nm ប្រើប្រអប់លេខអូតូ ៨វគ្គ។ បន្ថែមពីនេះ ទីផ្សារសហរដ្ឋអាមេរិចខាងជើង នឹងមានជម្រើសម៉ាស៊ីនសាំង ២,៥លីត្រ T-GDI កម្លាំង ២៧៧សេះ និងកម្លាំងបង្វិល ៤២១Nm។
សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីត្រូវបានធ្វើការប្រកាសតម្លៃប្រហែល ៣៤ ១៣៥ដុល្លារ សម្រាប់ម៉ូឌែលកំរឹតទាបបំផុតប្រភេទ S Petrol AT ប៉ុងមួយ(២x២) និង ៤៧ ២១១ដុល្លារ សម្រាប់ម៉ូឌែលខ្ពស់បំផុតប្រភេទ GT-Line Diesel DCT ប៉ុងពីរ(៤x៤) ហើយតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិចគឺពុំទាន់ប្រកាសនៅឡើយទេ៕