Kia Sportage ស៊េរីឆ្នាំ២០២៣ ប្រភេទ​ PHEV ជិះបានកាន់តែឆ្ងាយ

[ទីផ្សារបរទេស] គ្រួសារនៃរថយន្ត Kia Sportage បានបន្តរីកធំឡើងជាមួយការប្រកាសចេញ Kia Sportage PHEV ស៊េរីឆ្នាំ២០២៣ ដែលនឹងមានដាក់លក់នៅអាមេរិកជាមួយប្រភេទម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ឬម៉ាស៊ីន ១,៦លីត្រ Turbocharged។

Sportage PHEV ស៊េរីឆ្នាំ២០២៣នេះ មានបំពាក់ម៉ាស៊ីន ១,៦លីត្រ Turbocharged ដែលផលិតកម្លាំងបាន ១៧៧សេះ ហើយវាក៏មានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំង ៦៦,៩kW ជាមួយអាគុយលីចូមផងដែរ។ កម្លាំងសរុបមិនទាន់បានប្រកាសនោះទេ ប៉ុន្តែរំពឹងថាមានកម្លាំងជាង ២៦០សេះ ឬដូចគ្នានឹងរថយន្ត Hyundai Tucson PHEV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្រិតស៊ីប្រេងនៃរថយន្តនេះនឹងត្រូវប្រកាសនាពេលក្រោយ ប៉ុន្តែវាអាចជារថយន្ត Sportage ដែលសន្សំសំចៃប្រេងបានល្អប្រសើរជាងគេ។ Kia ក៏បានប៉ាន់ស្មានផងដែរថារថយន្តនេះអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៥១គីឡូម៉ែត្រ។

រថយន្តនេះនឹងមានចែកចេញជាប្រភេទ X-Line PHEV AWD និង X-Line Prestige PHEV AWD ដែលពីរប្រភេទនេះមានបំពាក់មកស្រាប់នូវចំណុចពិសេសជាច្រើន ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាពដ៏ទំនើប ប៉ុន្តែប្រភេទ X-Line Prestige PHEV AWD មានមុខងារសម្បូរបែបជាងដែលជំនួយដល់ការបើកបរបានកាន់តែល្អប្រសើរ។

ការលក់រថយន្ត Sportage PHEV នឹងចាប់ផ្ដើមនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ខណៈដែលតម្លៃលក់នឹងត្រូវប្រកាសចេញនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម