Kia ទើបតែបានប្រកាសចេញនូវតម្លៃនៃរថយន្ត Kia Sportage Hybrid ឆ្នាំ២០២៣ ជំនាន់ថ្មីរបស់ខ្លួន ដែលនឹងដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៥៤៥ដុល្លារ។
ជាមួយនឹងតម្លៃខាងលើបានធ្វើឲ្យ រថយន្ត Kia Sportage Hybrid ឆ្នាំ២០២៣ ធូរថ្លៃជាងគូប្រជែងរបស់វា គឺ Toyota Rav4 Hybrid ដែលមានតម្លៃចាប់ពី ៣០ ២៩០ដុល្លារ ដល់ទៅជិត ២ ០០០ដុល្លារឯណោះ។
គួរឲ្យដឹងថា រថយន្ត Kia Sportage Hybrid ថ្មី មានជម្រើស ៣ ម៉ូដែល គឺ LX, EX និង SX-Prestige។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២៧សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,០លីត្រ/១០០គីឡូម៉ែត្រ ហើយបើចាក់សាំងមួយពេញធុង អាចជិះបានប្រហែល ៨០០គីឡូម៉ែត្រឯណោះ។
កម្លាំងរបស់វានឹងបញ្ជូនទៅឲ្យកង់ទាំង ៤ សម្រាប់ម៉ូដែល EX និង SX-Prestige (ប៉ុងពីរ) តាមរយៈប្រអប់លេខអូតូ ៦វគ្គ។ រថយន្ត SUV នេះមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៩០០គីឡូក្រាមឯណោះ។ ក្រៅពីនោះ វាមានបំពាក់កុងទ័រទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ១២,៣អ៊ីញ៕