ក្រុមហ៊ុន Kia បានប្រកាសចេញលក់រថយន្ត Stinger ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅលើទីផ្សារប្រទេសអឺរ៉ុប ដោយមានលក់តែប្រភេទម៉ាស៊ីនធំប៉ុណ្ណោះ។
Kia Stinger ថ្មីនោះបំពាក់ម៉ាស៊ីនសាំង ចំណុះ ៣,៣លីត្រ V6 ប្រភេទ T-GDi មានកម្លាំងរហូតដល់ទៅ ៣៦៥សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី សម្រាប់ម៉ូដែលប៉ុងពីរ AWD។
Stinger នឹងផ្តល់ជម្រើសប៉ុងពីរ AWD មកស្តង់ដារ សម្រាប់ទីផ្សារដែលប្រើចង្កូតឆ្វេង ខណៈទីផ្សារប្រើចង្កូតស្តាំវិញ នឹងទទួលបានប្រភេទប៉ុងមួយវិលកង់ក្រោយ RWD។ ទោះជាយ៉ាងណា ពួកវានឹងដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។
ចំណែកឯកាប៊ីនខាងក្នុងវិញ រថយន្ត Sedan ស្ព័រនេះបំពាក់អេក្រង់ Touchscreen ទំហំ ១០,២៥អ៊ីញ ដែលមានមុខងារសំខាន់ៗ ដូចជា ផែនទី, Bluetooth Multi-Connection, Apple CarPlay និង Android Auto ព្រមទាំង Voice Control System។ មិនតែប៉ុណ្ណោះ កុងទ័រឌីជីថលទំហំ ៧អ៊ីញក៏ជាការបំពាក់ថ្មីផងដែរ។
បើនិយាយពីសុវត្ថិភាពវិញ Stinger នាំយកមុខងារជាច្រើន ដូចជា Safe Exit Warning (SEW), Blind-Spot View Monitor (BVM), Lane Following Assist (LFA), Highway Driving Assist (HDA), Rear Occupant Alert (ROA) និង Intelligent Speed Limit Assist (ISLA) ទៀតផង៕