រថយន្ត Kia Stinger ស៊េរីឆ្នាំ២០២២ បានបន្ថែមម៉ូដែលពិសេសថ្មី ហៅថា Scorpion Special Edition ដែលនឹងត្រូវផលិតមានចំនួនកំណត់ សម្រាប់តែទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
រថយន្ត Kia Stinger Scorpion Special Edition ឆ្នាំ២០២២ នេះបានបំពាក់ប៉ាណាមុខពណ៌ខ្មៅ ក៏ដូចជា គម្របកញ្ចក់មើលចំហៀង និង ក្បាលបំពង់ស៊ីម៉ាំងផងដែរ។ បន្ថែមពីនេះ វាក៏មានកាងកន្ទុយត្រីពណ៌ដូចតួខ្លួន, យ៉ាន់ពណ៌ខ្មៅទំហំ ១៩អ៊ីញ ហើយផ្តល់ជម្រើសចំនួន ៣ ពណ៌ គឺ ស (Snow White Pearl), ខ្មៅ (Aurora Black) និង ទឹកប្រាក់ (Ceramic Silver)។
ចំពោះផ្នែកខាងក្នុងវិញ វាក៏បានបំពាក់ពូកស្បែក Nappa Leather ពណ៌ខ្មៅ ឬ ក្រហម ក៏ដូចជាមានតុបតែងជាមួយនឹង Carbon Fiber ទៀតផង។
រថយន្តនេះមានជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៨សេះ។ វានឹងត្រូវផលិតត្រឹមតែ ២៥០គ្រឿងប៉ុណ្ណោះក្នុងមួយខែ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥២ ៥៨៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយវិលកង់ក្រោយ និង ៥៤ ៧៨៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ៕