ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត XCreed ស៊េរីឆ្នាំ២០២២ ថ្មី ជាមួយនឹងការអាប់ដេតស្ទីល, បន្ថែមបច្ចេកវិទ្យា Mild-hybrid និង បន្ថែមម៉ូដែលកម្លាំងខ្លាំង GT-Line ទៀតផង។
រថយន្ត Kia XCeed ឆ្នាំ២០២២ មានមុខងារកាច អមជាមួយនឹងចង្កៀងមុខ LED ថ្មី និងកាងមុខថ្មី ព្រមទាំងប៉ាណាមុខរាងតូច ហើយចង្កៀងក្រោយរបស់វាក៏ជាប្រភេទ LED ថ្មីដែរ ខណៈវាផ្តល់ជម្រើសយ៉ាន់កង់ដល់ទំហំ ១៨អ៊ីញឯណោះ។
ដោយឡែកចំពោះម៉ូដែល GT-Line ដែលជាប្រភេទ Full Option មានបន្ថែមស៊ុមប៉ាណាមុខរាងស្លីមជាង, កាងមុខមានរន្ធបឺតខ្យល់, យ៉ាន់កង់ ១៨អ៊ីញ, ចង្កៀងមុខ hexagonal LED និងកាងកាត់ខ្យល់ខាងក្រោយ body-color diffuser ទៀតផង។ បន្ថែមពីនេះ វាប្រើដៃចង្កូតរាងអក្សរ D, ចង្កឹះលេខមានស្រោបស្បែក និង កៅអីស្ព័រ GT-Line Seats។
សូមបញ្ជាក់ថា ជម្រើសម៉ាស៊ីនលើរថយន្ត Kia XCeed ឆ្នាំ២០២២ មានដូចជា៖
- ម៉ាស៊ីនចំណុះ ១,៥លីត្រ T-GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ
- ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ កម្លាំង ២០១សេះ
- ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ T-GDI កម្លាំង ១១៨សេះ
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Mild-hybrid កម្លាំង ១៣៤សេះ ដែលជាប្រភេទសន្សំសំចៃប្រេងបំផុត
- ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៩សេះ ព្រមទាំងអាគុយទំហំ ៨,៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំដល់ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំដល់ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែ។
យ៉ាងណាមិញ ក្រុមហ៊ុន Kia មិនទាន់បានប្រកាសចេញនូវតម្លៃរបស់ XCeed ឆ្នាំ២០២២ ថ្មីនេះឡើយទេ៕