រថយន្តអគ្គិសនីសុទ្ធ Kia EV6 កាន់តែខិតជិតដល់ការចេញលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ហើយនៅពេលដែលចេញលក់ នោះអ្នកប្រើប្រាស់ក្នុងស្រុក នឹងត្រូវបានផ្តល់ជូននូវជម្រើសដ៏គួរឲ្យទាក់ទាញមួយ លើសពី Tesla Model 3 និង Tesla Model Y។
រថយន្ត Kia EV6 ប្រហែល ៥០០គ្រឿង ត្រូវបានគេកំណត់សម្រាប់ទីផ្សារអូស្ត្រាលី សម្រាប់ឆ្នាំ ២០២២។ ការបែងចែកនេះ អាចនឹងមានការប្រើប្រែ ខណៈក្រុមហ៊ុន Kia Australia សង្ឃឹមថា វានឹងអាចបង្កើនចំនួនរថយន្តដែលបម្រុងទុកនោះ។
យ៉ាងណាមិញ ព័ត៌មានលម្អិតពេញលេញនៃរថយន្ត Kia EV6 ដែលត្រូវលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី នឹងត្រូវប្រកាសនាឆ្នាំក្រោយ ប៉ុន្តែគេបានដឹងរួចមកហើយថា វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ខណៈប្រភេទ GT នឹងចេញនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។
គួរឲ្យដឹងថា Kia EV6 ប្រភេទ Long Range RWD ដែលប្រើអាគុយ ៧៧,៤គីឡូវ៉ាត់ម៉ោងនោះ អាចបើកបរបានចម្ងាយដល់ ៤៩៩គីឡូម៉ែត្រ ដែលលើសពីតួលេខប៉ាន់ស្មានដែលមានចំនួន ៤៨០គីឡូម៉ែត្រ។ រីឯ Kia EV6 Long Range AWD ដែលមានអាគុយ ៧៧,៤គីឡូវ៉ាត់ម៉ោង ដូចគ្នា និងមានម៉ូទ័រអគ្គិសនីពីរ អាចបើកបរបានចម្ងាយប្រមាណ ៤៤១គីឡូម៉ែត្រ៕