Kia បញ្ជាក់ថាឡាន SUV អគ្គិសនីរបស់ខ្លួន សាកភ្លើងតែ ២០នាទី ជិះបាន ៥០០ គ.ម

ក្រុមហ៊ុន​រថយន្ត Kia បាន​បង្ហាញ​អំពី​ផែនការ​បញ្ចេញ​រថយន្ត​អគ្គិសនី​ឲ្យ​បាន ១១ ម៉ូដែល ​សម្រាប់​លក់​នៅ​ទូទាំង​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដែល​ក្នុង​នោះ​មាន​រថយន្ត​ច្រើន​ប្រភេទ​ដូច​ជា Sedan, SUV និង​រថយន្ត​វ៉ែន​ផង​ដែរ។

ពេល​នេះ​គេ​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​រថយន្ត​អគ្គិសនី​ថ្មី​របស់ Kia មាន​ទាក់ទង​នឹង​​រយៈ​ចម្ងាយ​នៃ​ការ​បើកបរ​ និង​សមត្ថភាព​នៃ​ការ​សាក​ភ្លើង​ផង​ដែរ។ រថយន្ត​អគ្គិសនី​ដំបូង​របស់ Kia និង​​មាន​រចនាបថ​ជា​ SUV ដែល​អាច​ផលិត​ចេញ​ពី​រថយន្ត​ Concept ឈ្មោះ​ Imagine ដែល Kia បាន​បង្ហាញ​ចេញ​ក្នុង​កម្មវិធី Geneva Motor Show នា​ឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​​អគ្គិសនី​ដែល​មិន​ទាន់​មាន​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ Kia CV ដែល​វា​ផលិត​ឡើង​លើ​គ្រោង​ឆ្អឹង​​ឈ្មោះ E-GMP។ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ​អាច​ឲ្យ​វា​បើកបរ​បាន​ចម្ងាយ​ ៥០០ គីឡូម៉ែត្រ ហើយ​វា​អាច​សាក​​ភ្លើង​ល្បឿន​លឿន​ដែល​ចំណាយ​ពេល​មិន​ដល់ ២០នាទី អាច​សាក​ពេញ។

ការ​សាក​ភ្លើង​លឿន​នេះ​គឺ​ដោយ​សារ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​សាក​ភ្លើង​កម្លាំង ៨០០​ វ៉ុល ស្រដៀង​នឹង​ប្រព័ន្ធ​ដែល​ប្រើ​លើ​រថយន្ត Porsche Taycan ដែរ។ Kia មិន​បាន​និយាយ​អំពី​កម្លាំង​របស់​រថយន្ត​នោះ​ទេ ប៉ុន្តែ​កន្លង​មក​លេច​ឮ​ថា​វា​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ក្រោម ៣វិនាទី៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម