រថយន្ត Kia EV6 គឺជារថយន្តម៉ូដែលថ្មីដ៏សំខាន់មួយរបស់ក្រុមហ៊ុន Kia ដែលទំនងជានឹងទទួលបានការពេញនិយមខ្លាំង ប៉ុន្តែក្រុមហ៊ុនបែរជាស្មានខុសពីតម្រូវការចំពោះរថយន្តអគ្គិសនីមួយនេះទៅវិញ។
ការកុម្ម៉ង់ទិញទុកមុនសម្រាប់រថយន្ត Kia EV6 First Edition ដើមឡើយត្រូវចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមិថុនា ប៉ុន្តែដោយសារមានតម្រូវការខ្ពស់ពេកធ្វើឲ្យវិបសាយកុម្ម៉ង់ទិញត្រូវគាំង និងផ្អាកមួយរយៈ។ ដើម្បីធានាថាការកុម្ម៉ង់ទិញប្រព្រឹត្តិទៅដោយរលូន Kia បានដាក់ដំណើរការវិបសាយឡើងវិញកាលពីថ្ងៃទី០៨ ខែមិថុនា ដែលបានបង្កើនសមត្ថភាពក្នុងការទទួលទំហំកុម្ម៉ង់ទិញបានប្រសើរជាងមុន។
រថយន្ត Kia EV6 First Edition ជារថយន្តដែលកំណត់លក់ត្រឹម ១៥០០គ្រឿងប៉ុណ្ណោះ ហើយ Kia និយាយថានៅសល់តែប៉ុន្មានគ្រឿងទៀតប៉ុណ្ណោះដែលនៅសេសសល់សម្រាប់ការកុម្ម៉ង់ទិញក្នុងទីផ្សារអាមេរិក។
ការកុម្ម៉ង់ទិញតម្រូវឲ្យកក់ប្រាក់ ១០០ដុល្លារ ដែលប្រាក់កក់នេះអាចដកយកវិញបាន ខណៈដែលតម្លៃរបស់រថយន្ត Kia EV6 First Edition នេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕