Lamborghini ប្រកាសចេញឡានកំពូលល្បឿនថ្មី មិនខ្លាចបើកផ្លូវពិបាក

[ទីផ្សារបរទេស] Lamborghini បានប្រកាសចេញជាផ្លូវការនូវរថយន្តកំពូលល្បឿនថ្មីជាម៉ូដែល Sterrato ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនប្រកាន់ផ្លូវដូចជារថយន្ត Huracan ឡើយ។

រថយន្តថ្មីនេះមានកម្ពស់ខ្ពស់ជាងមុន ៤៤ម.ម ធៀបនឹងម៉ូដែល Huracan ដែលល្អសម្រាប់ការបើកបរលើផ្លូវពិបាក អមជាមួយតួខ្លួនខាងក្រោមការពារដោយអាលុយមីញ៉ូម និងមានប្រើប្រាស់សម្បកកង់ប្រភេទ Bridgestone Dueler AT002 ទំហំ១៩អ៊ីញ​។ កង់ទំហំធំនេះក៏មានបច្ចេកវិទ្យាអាចបើកបរបាននៅពេលធ្លាយ ដោយអាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ ក្នុងល្បឿន ៨០គ.ម/ម៉ ជាមួយសម្ពាធខ្យល់ស្ថិតនៅកម្រិតសូន្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី អ្វីដែលរថយន្ត Sterrato ចាញ់រថយន្ត Huracan គឺកម្លាំងម៉ាស៊ីន ដោយម៉ាស៊ីន១០ស៊ីឡាំង ចំណុះ ៥,២លីត្រ របស់វាអាចផលិតកម្លាំងបាន ៦០២សេះ ខណៈដែលម៉ាស៊ីនរបស់ Huracan អាចផលិតកម្លាំងបាន ៦៣១សេះ ត្បិតថាជាម៉ាស៊ីនតែមួយក្ដី។

ម៉ាស៊ីនខាងលើនេះអាចឲ្យ Sterrato ស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយចំណាយពេល ៣,៤វិនាទី ហើយល្បឿនអតិបរមានោះបានកំណត់នៅត្រឹម ២៦០គ.ម/ម៉ ប៉ុណ្ណោះ ខណៈដែលរថយន្ត Huracan អាចរត់ដល់ល្បឿន ៣២២គ.ម/ម៉។

សម្រាប់តម្លៃ មិនទាន់មានការប្រកាសចេញនៅឡើយទេ ប៉ុន្តែ Lamborghini គ្រោងផលិតត្រឹម ១៤៩៩គ្រឿង ប៉ុណ្ណោះ ដោយការផលិតនឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម