Lamborghini ផលិតឡាន Urus បាន ២ម៉ឺនគ្រឿងហើយ!

[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពី​សមិទ្ធផលដែល​អាចផលិត​រថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។
រថយន្ត Urus ទី២ម៉ឺនគ្រឿង មានប្រើប្រាស់ពណ៌ Viola Mithras ជាមួយ​ដំបូល Panoramic និងមានដុំហ្វ្រាំងពណ៌​ខ្មៅ ដែល​រថយន្តនេះនឹងត្រូវដឹកជញ្ជូនអតិថិជនដែលមកពីប្រទេស Azerbaijan។

ជាមួយសមិទ្ធផលថ្មីនេះ Lamborghini ចំណាយពេលត្រឹម ៤ឆ្នាំប៉ុណ្ណោះ អាចសម្រេចវាបាន ដែល​បាន​ធ្វើ​ឲ្យ Urus ក្លាយ​ជារថយន្ត​លក់​ចេញ​បានច្រើនក្នុងពេលដ៏ខ្លីជាងគេ។ រថយន្ត Urus បានឲ្យ Lamborghini បង្កើនចំនួនលក់ទ្វេដង និងជួយបង្កើត​ការងារបន្ថែមជាង ៥០០កន្លែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាឆាប់ៗខាងមុខនេះ រថយន្ត Urus អាចនឹងមានចេញជាប្រភេទ Evo ដែលទំនងជាមានថាមពលខ្លាំងក្លាជាងមុន ខណៈដែល​ម៉ាស៊ីន Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង នាពេលបច្ចុប្បន្នអាច​ផលិតកម្លាំងបាន ៦៥០សេះ។ រថយន្តថ្មីអាចនឹងបង្ហាញ​វត្តមាននៅខែសីហា ក្នុងកម្មវិធី Pebble Beach៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម