[ទីផ្សារបរទេស] អស់រយៈពេល១១ឆ្នាំ ទីបំផុតរថយន្ត Lamborghini Aventador មួយគ្រឿងចុងក្រោយ បានរំកិលខ្លួនចេញពីរោងចក្រ ដោយវាគឺជារថយន្តទី ១១ ៤៦៥គ្រឿង និងមានប្រើប្រាស់ពណ៌ខៀវមួយប្រភេទមកពី Ad Personam។
វាមិនត្រឹមតែជា Aventador ចុងក្រោយនោះទេ ប៉ុន្តែក៏ជារថយន្តម៉ាស៊ីន ១២ស៊ីឡាំង សុទ្ធចុងក្រោយរបស់ Lamborghini ដោយវាគឺជារថយន្តម៉ូដែល Aventador LP 780-4 Ultimae Roadster ដែលនឹងត្រូវដឹកជូនអតិថិជននៅឯប្រទេសស្វីស។
Aventador បានបង្ហាញខ្លួនដំបូងក្នុងកម្មវិធី Geneva Motor Show កាលពីឆ្នាំ២០១១ ដោយវាប្រើប្រាស់ម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំងថ្មីរបស់ Lamborghini។ ក្នុងវដ្ដជីវិតរបស់វា Aventador បានក្លាយជារថយន្តដ៏ជោគជ័យខាងផ្នែកលក់ ដោយត្រឹមរយៈពេល៥ឆ្នាំ អាចលក់ចេញបាន ៥ពាន់គ្រឿង។
យ៉ាងណា Aventador មិនមែនជារថយន្តម៉ាស៊ីន ១២ស៊ីឡាំងចុងក្រោយនោះទេ ព្រោះថារថយន្តម៉ូដែលថ្មីដែលចូលមកជំនួសនឹងប្រើប្រាស់ម៉ាស៊ីន ១២ស៊ីឡាំង ដដែល ប៉ុន្តែទទួលបានជំនួយកម្លាំងពីថាមពលអគ្គិសនី ដោយរំពឹងថានឹងមានម៉ូទ័រអគ្គិសនីមួយ អមជាមួយម៉ាស៊ីន ១២ស៊ីឡាំង៕