[ទីផ្សារបរទេស] Lamborghini Urus S ត្រូវបានប្រកាសចេញជាផ្លូវការក្នុងនាមជាអ្នកជំនួសរថយន្ត Urus ធម្មតា ដោយវាមានប្រើប្រាស់ម៉ាស៊ីនកម្លាំងដូចជា Urus Performante ប៉ុន្តែផ្ដោតខ្លាំងលើប្រណីតភាពជាជាងការបើកបរ។
Urus ធម្មតា ផលិតកម្លាំងបាន ៦៤១សេះ ប៉ុន្តែ Urus S នេះមានម៉ាស៊ីន Twin-Turbo ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៥៧សេះ ដែលមានន័យថាវាអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៣,៥វិនាទី លឿនជាងមុន ០,១វិនាទី ខណៈដែលល្បឿនអតិបរមាគឺ ៣០៥គ.ម/ម៉។
ឃើញថាសន្ទុះរបស់ Urus S មិនដូចនឹងរថយន្ត Performante ដែលអាចសម្រេចបានក្នុងពេល ៣,៣វិនាទី ក៏ដោយសាររថយន្តទាំងពីរមានទម្ងន់ខុសគ្នា គឺ ២១៩៧គីឡូក្រាម លើរថយន្ត Urus S និង ២១៥០គីឡូក្រាម លើរថយន្ត Urus Performante។
ចំណុចខុសគ្នារវាង Urus S ជាមួយ Urus ធម្មតាគឺវាមានផ្លាស់ប្ដូរការឌីហ្សាញមួយចំនួន រួមមានកាងខាងមុខដែលប្រើប្រាស់ដែកអ៉ីណុកពណ៌ខ្មៅមកជាស្តង់ដារ ហើយផ្នែកខាងក្រោយក៏មានផ្លាស់ប្ដូរថ្មីបន្តិចបន្តួចផងដែរ។ ចូលដល់ផ្នែកខាងក្នុង ត្បិតថាមានការផ្លាស់ប្ដូរតិច ប៉ុន្តែវាមានផ្ដល់ជូនជម្រើសពណ៌ថ្មី ជាមួយពណ៌ពីរបញ្ចូលគ្នាដែលកាន់តែទាក់ទាញ។
តម្លៃរបស់ Lamborghini Urus S សម្រាប់ទីផ្សារសហរដ្ឋអាមេរិកមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែនៅអ៉ីតាលី មុនគិតពន្ធ រថយន្តនេះមានតម្លៃប្រមាណ ១៨៨ ០០០ដុល្លារ ធូរថ្លៃជាង Urus Performante ដែលមានតម្លៃប្រមាណ ២១០ ០០០ដុល្លារ៕