
ក្រុមហ៊ុន Toyota បានបញ្ជាក់ថារថយន្ត LandCruiser 70 Series នឹងបន្ថែមមកជាមួយកន្លែងចាក់ទឹក AdBlue ដើម្បីគោរពតាមច្បាប់ស្តង់ដារការបំភាយឧស្ម័នយ៉ាងតឹងរ៉ឹងរបស់អឺរ៉ុប Euro 6 ‘Stage C នៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២៦។
ការផលិតរថយន្ត LandCruiser 70 Series ត្រូវបានផ្អាករយៈពេល ៨ខែចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ សម្រាប់ការធ្វើបច្ចុប្បន្នភាពដើម្បីគោរណតាមច្បាប់ស្តង់ដារបញ្ចេញឧស្ម័ន Euro 6 ‘Stage C’ ថ្មីត្រូវបានកំណត់លើយានយន្តធុនធ្ងន់ទាំងអស់។ ចំពោះច្បាប់ Australian Design Rule (ADR) 80/04 ថ្មីនេះត្រូវបានអនុវត្តចំពោះម៉ូឌែល ត្រូវបានដាក់បង្ហាញថ្មីៗមានទម្ងន់សរុបលើសពី ៣.៥ តោន ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយបន្ទាប់មកអនុវត្តចំពោះរថយន្តធុនធ្ងន់ថ្មីគ្រប់ប្រភេទគិតចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ដើម្បីអាចដាក់លក់រថយន្ដ LandCruiser 70 Series នៅទឹកដីអូស្ដ្រាលីបាន ក្រុមហ៊ុន Toyota បានសម្រេចបន្ថែមរ៉េសាវ័រចាក់ទឹក Adblue លើរថយន្ដភីកអាប់របស់ពួកគេ។ ទឹក AdBlue ជាសារធាតុត្រូវបានប្រើប្រាស់នៅក្នុងរថយន្តប្រើប្រេងម៉ាស៊ូតទំនើប ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា Selective Catalytic Reduction ហៅកាត់ថា (SCR) បំពេញតាមស្តង់ដារការបំភាយឧស្ម័នយ៉ាងតឹងរ៉ឹងរបស់អឺរ៉ុប 5 & 6 ដើម្បីកាត់បន្ថយការបំភាយឧស្ម័នអាសូតអុកស៊ីត (NOx) ដែលបង្កគ្រោះថ្នាក់។ តាមរយៈការបាញ់បញ្ចូលទឹក Adblue ទៅក្នុងប្រព័ន្ធផ្សែង ឧស្ម័នដែលបង្កគ្រោះថ្នាក់មាននៅក្នុងផ្សែងត្រូវបានបំប្លែងទៅជាអាសូត និងចំហាយទឹក ដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងធ្វើអោយប្រព័ន្ធម៉ាស៊ីនរថយន្តដំណើរការបានល្អ។ គ្រប់ឡានម៉ាស៊ូតទាំងអស់ដែលមានរ៉េសាវ័រចាក់ទឹក Adblue គឺតម្រូវអោយត្រូវតែចាក់ទឹក Adblue ចូលដាច់ខាត បើទឹកនេះអស់គឺរថយន្ដមិនមិនអាចបញ្ឆេះបានទេ។
មុនពេលផ្អាកការផលិតរថយន្ដ Toyota LandCruiser 70 Series ក្រុមហ៊ុន Toyota Australia បាននិយាយថាខ្លួនបានបញ្ជាទិញស្តុករថយន្ត LandCruiser 70 Series បន្ថែមទៀតដើម្បីទប់ទល់នឹងការផ្អាកផលិតកម្មរយៈពេលប្រាំបីខែ។ រថយន្ត LandCruiser 70 Series ដែលបានធ្វើបច្ចុប្បន្នភាព និងអនុលោមតាមស្តង់ដារ Euro 6c ត្រូវបានគេរំពឹងថានឹងបន្តផលិតកម្មសម្រាប់ទីផ្សារអូស្ត្រាលីប្រហែលជាខែនៅ ឧសភា ឆ្នាំ២០២៦។
លោក Sean Hanley អនុប្រធានផ្នែកលក់, ទីផ្សារ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Toyota Australia បានប្រាប់ទស្សនាវដ្តី Drive ថា៖«យើងរំពឹងថាវានឹងត្រឡប់មកដាក់លក់វិញ ហើយវាពិតជានឹងបំពេញតាមច្បាប់ស្តង់ដារបញ្ចេញឧស្ម័ន Euro 6»។
រថយន្ត LandCruiser 70 Series ម៉ូឌែលឆ្នាំ ២០២៦ សម្រាប់ទីផ្សារអូស្ត្រាលី ទំនងជាមានការរៀបចំស្រដៀងទៅនឹងរថយន្ដក្នុងប្រទេសជប៉ុន តម្រូវឲ្យប្រើប្រាស់សារធាតុទឹក AdBlue ចាប់តាំងពីរថយន្តប្រភេទ Off-Raod នេះត្រូវបានដាក់លក់ឡើងវិញក្នុងឆ្នាំ ២០២៣។ នៅប្រទេសជប៉ុនកន្លែងចាក់ទឹក AdBlue គឺស្ថិតនៅលើផ្នែកចំហៀងកង់ខាងមុខផ្នែកខាងឆ្វេង ខណៈដែលនៅប្រទេសអូស្ត្រាលី រថយន្ត LandCruiser Prado ដែលបច្ចុប្បន្នជាយានយន្ត Toyota ដំបូងគេដែលប្រើ AdBlue ត្រូវបានដាក់លក់ក្នុងឆ្នាំ ២០២៤ ត្រូវបានរក្សាទុកក្នុងធុងដាច់ដោយឡែកទំហំ ១៧.៤ លីត្រ។
ក្រុមហ៊ុន Toyota ព្យាករណ៍ថារថយន្ដអាចធ្វើដំណើរបានប្រហែល ៨ ០០០ គីឡូម៉ែត្រ មុនពេលសារធាតុរាវ AdBlue ត្រូវការចាក់បំពេញឡើងវិញ។ រថយន្តនេះនឹងតាមដានកម្រិតសារធាតុទឹក dBlue ហើយនឹងព្រមានអ្នកបើកបរប្រសិនបើទឹក AdBlue ចាប់ផ្តើមអស់ ហើយប្រសិនបើវាអស់ទាំងស្រុង នោះម៉ាស៊ីនរបស់រថយន្ដនឹងមិនអាចបញ្ឆេះឡើងវិញបានទេ លុះត្រាតែទឹក AdBlue ត្រូវបានចាក់បំពេញឡើងវិញ៕
























