Lexus បានធ្វើការកែសម្រួលលើរថយន្តម៉ូដែល UX សម្រាប់ស៊េរីឆ្នាំ ២០២១ លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមានបន្ថែមមុខងារស្តង់ដារកាន់តែច្រើនជាងមុន ដែលធ្វើឲ្យតម្លៃត្រូវឡើងថ្លៃបន្តិចបន្តួច។
UX 200 រំពឹងថានឹងឡើងថ្លៃចំនួន ៦០០ដុល្លារ ឡើងដល់ ៣២ ៩០០ដុល្លារ ដែលនឹងមានបំពាក់មុខងារ Blind-Spot Monitoring និង Rear Cross-Traffic មកជាស្តង់ដារ ហើយមានបន្ថែមនូវរន្ធ USB-C នៅផ្នែកខាងក្រោយផងដែរ។ ចំណែក UX 250h វិញនឹងមានឡើងថ្លៃ ៦០០ដុល្លារដូចគ្នា ដែលឡើងដល់ ៣៥ ១០០ដុល្លារ ខណៈដែល UX F Sport នៅរក្សាតម្លៃ ៣៧ ១០០ដុល្លារ ដដែល។
ទោះបីជាមានការឡើងថ្លៃក្ដីក៏ Lexus UX នៅតែមានតម្លៃធូរថ្លៃជាងគូប្រជែងដទៃទៀត ដូចជា Volvo XC40 ដែលមានតម្លៃចាប់ពី ៣៣ ៧០០ដុល្លារ និង BMW X1/ Audi Q3 ដែលមានតម្លៃលើសពី ៣៥ ០០០ដុល្លារ៕