ដោយសង្កេតឃើញថាមនុស្សជាច្រើនចាប់ផ្ដើមចំណាយលុយច្រើនលើរថយន្តតូចៗ Lexus បានគិតគូរបញ្ចេញនូវផលិតផលប្រភេទនេះលក់លើទីផ្សារ។
ត្បិតថាការសម្រេចចិត្តនៅមិនទាន់មានការអនុញ្ញាតនៅឡើយ ប៉ុន្តែបើតាមអនុប្រធាន Lexus លោក Koji Sato និយាយអំពីភាពអាចទៅរួចនៃការឈោងចាប់ទីផ្សាររថយន្តខ្នាតតូចនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Tokyo Motor Show ឆ្នាំ ២០១៩។
លោកបាននិយាយបែបនេះថា ៖ “រថយន្តតូចៗពេលនេះមិនមែនសុទ្ធតែមានតម្លៃធូរនោះទេ ដូចនេះទំនោរកំពុងតែផ្លាស់ប្ដូរ។ ខ្ញុំមិនអាចនិយាយអំពីអ្វីដែលយើងនឹងធ្វើនោះទេ ប៉ុន្តែយើងសម្លឹងមើលឱកាសទាំងអស់ដែលមានលើផ្នែករថយន្ត។”
អ្វីដែលអាចទៅរួចនោះគឺរថយន្ត SUV សម្រាប់ទីក្រុងមួយម៉ូដែល ដែលស្ថិតនៅក្រោមរថយន្តម៉ូដែល UX។ គួរដឹងថា Lexus UX ជារថយន្តតូចជាងគេរបស់ Lexus ដែលមានតម្លៃចាប់ពីប្រមាណ ៣៨ ៦៨៨ ដុល្លារ នៅចក្រភពអង់គ្លេស។
កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន Lexus បានបង្ហាញចេញ Concept នៃរថយន្តខ្នាតតូចម្ដងដែរ ដែលជាម៉ូដែល LF-SA។ វាមានប្រវែង ៣៤៥០ ម.ម ទទឹង ១៧០០ ម.ម និងកម្ពស់ ១៤៣០ ម.ម៕