យោងតាមគេហទំព័រជប៉ុន Mag-X បានឲ្យដឹងថា ក្រុមហ៊ុន Lexus កំពុងធ្វើការលើម៉ាស៊ីន Hybrid V8 ថ្មី ដើម្បីបំពាក់លើរថយន្ត LS 600h។
ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីដំណើរការរបស់ម៉ាស៊ីននេះឡើយ ប៉ុន្តែរថយន្ត LS 600h ស៊េរីចាស់ បានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 និងជំនួយពីថាមពលអគ្គិសនី បង្កើតកម្លាំងបានដល់ ៤៣៩សេះ។ គួរឲ្យដឹងថា រថយន្ត LS 500 និង LS 500h មានកម្លាំងត្រឹមតែ ៤១៦សេះ និង ៣៥៤សេះប៉ុណ្ណោះ។
ក្រៅពីម៉ូដែល LS 600h ប្រភពខាងលើអះអាងថា Lexus អាចនឹងពង្រីកត្រកូល LS ដោយបន្ថែមជម្រើសម៉ាស៊ីន ៤ស៊ីឡាំងទៀតផង ស្របពេលដែលគូប្រជែងដូចជា BMW, Mercedes និង Audi ក៏ផ្តល់ជម្រើសម៉ាស៊ីនទំហំ ៤ស៊ីឡាំង លើរថយន្តប្រភេទ Flagship Sedan របស់ពួកគេដែរ។
លើសពីនេះទៅទៀត រថយន្ត LS ថ្មី ទំនងនឹងបំពាក់ប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ Advanced Semi-Autonomous Driving System មកជាមួយផងដែរ៕