កាលពីខែកុម្ភ:កន្លងទៅ Lexus បានធ្វើការបញ្ចេញរថយន្ត Lexus IS 500 F Sport Performance ឆ្នាំ២០២២ ជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ខណ:ពេលនេះក្រុមហ៊ុន Lexus ក៏បានប្រកាសចេញនូវតម្លៃនៃរថយន្តនេះជាផ្លូវការ។
រថយន្ត Lexus IS 500 F Sport Performance ឆ្នាំ២០២២ ត្រូវបាននាំយកមកវិញនូវម៉ាស៊ីន ៨ស៊ីឡាំង ដែលអតិថិជនរបស់ខ្លួនបានស្នើរសុំ ដោយបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ ផលិតកម្លាំងបាន ៤៧២សេះ ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។ មានសមត្ថភាពអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ បានដោយប្រើពេលត្រឹម ៤,៥វិនាទី និងមានកម្រិតស៊ីសាំង ៩,៨លីត្រ ពេលបើក ១០០គីឡូម៉ែត្រលើផ្លូវលាតក្រៅក្រុង។
សម្រាប់ប្រភេទ IS 500 F Sport Performance មានតម្លៃចាប់ពី ៥៧ ៥៧៥ដុល្លារ រីឯប្រភេទ Base Model IS 500 Permium មានតម្លៃចាប់ពី ៦១ ០០០ដុល្លារ និង IS 500 Launch Edition មានតម្លៃចាប់ពី ៦៧ ៤០០ដុល្លារ។
រថយន្តនេះមានមកជាស្តង់ដារនូវកញ្ចប់ Dynamic Handling Package ដែលក្នុងនោះមានប្រព័ន្ធបូមដែលអាចបត់បែនបានតាមសភាពការ និងមុខងារមួយចំនួនទៀតដែលជំនួយដល់ការបើកបរកាន់តែប្រសើរ។ បន្ថែមពីនេះវាក៏មាននូវកញ្ចប់ Lexus Safety System+ 2.5 ផងដែរ។ បន្ថែមពីនេះ IS 500 F Sport Perfomance នេះមានទម្ងន់ធ្ងន់ជាង IS 350 F Sport Perfomance តែប្រមាណ ៦៥គីឡូក្រាមប៉ុណ្ណោះ ដោយទម្ងន់សរុបរបស់វាគឺ ១ ៧៦៥គីឡូក្រាម៕