Lexus RX ស៊េរី២០២៣ នឹងមានជម្រើស Hybrid រហូតដល់៣ប្រភេទ មានទាំងប្រភេទសាកភ្លើងបានទៀត

[ទីផ្សារបរទេស] Lexus ត្រូវបានគេរំពឹងថានឹងប្រកាសចេញរថយន្ត RX ជំនាន់ថ្មីនៅក្នុងឆ្នាំ២០២២នេះ ដែលនឹងបង្ហាញខ្លួនជាមួយរូបរាងថ្មីនិងដាក់លក់ជាស៊េរីឆ្នាំ២០២៣ ហើយពេលនេះប្រភពចេញពីជប៉ុនបានឲ្យដឹងថា RX ជំនាន់ថ្មីនឹងមានជម្រើស Hybrid រហូតដល់៣ប្រភេទ។

រថយន្ត SUV ជំនាន់ថ្មីនេះនឹងមានជាប្រភេទ RX 500h ជាប្រភេទខ្ពស់ជាងគេ ដែលចូលមកជំនួស RX 450h ពីមុន ហើយប្រភេទមួយនេះគឺជាប្រភេទ PHEV ដែលមានម៉ាស៊ីនចំណុះ ២,៤លីត្រ Turbocharged គួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់មកទៀតគឺ RX 450h+ ដែលមានប្រើម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ ហើយមួយប្រភេទទៀតគឺ RX 350h ដែលវាមានលក្ខណៈសម្បត្តិដូចជា NX 350h ជំនាន់ថ្មីដែរគឺមានម៉ាស៊ីន ២,៥លីត្រ គួបផ្សំជាមួយម៉ូទ័រអគ្គិសនីមួយ។ យ៉ាងណាប្រភពមិនបានបញ្ជាក់អំពីកម្លាំងសេះនៃ Hybrid ទាំងបីប្រភេទនេះឡើយ។

បន្ថែមពីនេះ RX ជំនាន់ថ្មីនឹងជំនួសម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង ដោយម៉ាស៊ីន Turbocharged ចំណុះ២,៤លីត្រ វិញ ដូចដែលមានលើរថយន្ត Lexus NX ជំនាន់ថ្មី ដែលម៉ាស៊ីនប្រភេទនេះអាចផលិតកម្លាំងបាន ២៧៥សេះ និងបានបំពាក់លើ NX 350៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម