Lexus UX អគ្គិសនីស៊េរីឆ្នាំ២០២៣ បន្ថែមអាគុយធំជាងមុន ជិះបានដល់ ៤៥០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត UX 300e ស៊េរីឆ្នាំ២០២៣ ជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដោយបានបន្ថែមចំណុចថ្មីៗជាច្រើន ជាពិសេសការបន្ថែមអាគុយថ្មី ដែលផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងមុនជាង ៤០%។

UX 300e បានប្រកាសចេញលើកដំបូងក្នុងឆ្នាំ២០១៩ ដោយចាប់ពីពេលនោះ Lexus អាចលក់រថយន្តនេះបានជាង ១ម៉ឺនគ្រឿង ប៉ុន្តែចម្ងាយបើកបរ ៣១៥គីឡូម៉ែត្ររបស់វា ចាប់ផ្ដើមមានអារម្មណ៍ហួសសម័យសម្រាប់ស្តង់ដារឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុនេះហើយ Lexus បានបង្កើនទំហំអាគុយពី ៥៤,៣kWh ទៅ ៧២,៨kWh ដែលធ្វើឲ្យចម្ងាយបើកបរឡើងដល់ ៤៥០គីឡូម៉ែត្រ ជាមួយយ៉ាន់ទំហំ ១៧អ៊ីញ ឬបានចម្ងាយ ៤៤០គីឡូម៉ែត្រ ជាមួយយ៉ាន់ទំហំ ១៨អ៊ីញ ដោយ Lexus អះអាងថារថយន្តស៊េរីថ្មីនេះអាចបើកបរពីទីក្រុង Brussels ទៅទីក្រុង Frankfurt ដោយមិនបាច់ឈប់​សាកភ្លើង។

ម៉ូទ័រដែលបំពាក់ខាងមុខរថយន្តនៅតែអាចផលិតកម្លាំងបាន ២០១សេះ ប៉ុន្តែវិស្វកររបស់ Lexus បានផ្លាស់ប្ដូរ​លើគ្រោងរបស់ម៉ូទ័រដើម្បីធ្វើឲ្យការបើកបរកាន់តែល្អប្រសើរ។

សម្រាប់រូបរាងខាងក្រៅមិនបានផ្លាស់ប្ដូរនោះទេ ប៉ុន្តែនៅខាងក្នុងមានការកែប្រែមួយចំនួនដូចជាមានការបំពាក់អេក្រង់កម្សាន្តថ្មីទំហំ ៨អ៊ីញ ឬ ១២,៣អ៊ីញ, ប្រព័ន្ធថ្មីដែលគាំទ្រមុខងារ Apple CarPlay ដោយឥតប្រើខ្សែ និងមុខងារ Android Auto នៅប្រើខ្សែដដែល, មុខងារនាំផ្លូវផ្អែកតាមបច្ចេកវិទ្យា Cloud និងជំនួយការសំឡេងថ្មីជាដើម។

បន្ថែមពីនេះ ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ទទួលបានមុខងារបន្ថែមរួមមាន Intersection Turning Assist, Emergency Steering Assist, មុខងារ Dynamic Radar Cruise Control with Curve Speed Reduction ដែលប្រសើរជាងមុន និងមុខងារដទៃទៀតដែលស្រដៀងនឹងរថយន្ត Lexus ស៊េរីថ្មីដទៃទៀតដែរ។

ការដឹកជញ្ជូនរថយន្ត UX 300e ស៊េរីឆ្នាំ២០២៣ លើកដំបូងក្នុងទីផ្សារអឺរ៉ុប នឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០២៣ ដោយតម្លៃនឹងត្រូវប្រកាសចេញនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម