ក្រុមហ៊ុនរថយន្ត Lincoln ដែលម៉ាកយីហោប្រណីតបង្កើតឡើងដោយក្រុមហ៊ុន Ford បានសម្រេចចិត្តបោះបង់ការផលិតរថយន្តប្រភេទ Sedan ដោយក្រុមហ៊ុនបានបញ្ជាក់រថយន្តម៉ូដែល Continental នឹងបញ្ចប់ការផលិតនាចុងឆ្នាំនេះ។
ការសម្រេចចិត្តឈប់ផលិត Continental ដែលជារថយន្ត Sedan មួយចុងក្រោយរបស់ក្រុមហ៊ុន Lincoln ក៏ដោយសារតែចំនួនលក់រថយន្ត Sedan បានបន្តដាំក្បាលចុះនៅសហរដ្ឋអាមេរិក។ គួរដឹងថា Lincoln បានឈប់ផលិតរថយន្ត Continental នេះម្ដងរួចមកហើយកាលពីឆ្នាំ ២០០៣។ ប៉ុន្តែនៅឆ្នាំ ២០១៧ ក្រុមហ៊ុនបានបញ្ចេញលក់រថយន្ត Continental ជំនាន់ថ្មី ដែលឆ្នាំដំបូងវាអាចលក់បាន ១២ ០១២គ្រឿង ប៉ុន្តែបានធ្លាក់មកនៅជិត ៦៦០០គ្រឿង ក្នុងឆ្នាំ ២០១៩។
ក្រោយពីរថយន្ត Continental ត្រូវបញ្ឈប់ការផលិត រថយន្តរបស់ Lincoln នឹងមានតែប្រភេទ SUV ប៉ុណ្ណោះ ក្នុងនោះរួមមាន Navigator, Naultilus, Aviator និង Corsair។ គេរំពឹងថា Lincoln នឹងបង្ហាញចេញរថយន្ត SUV អគ្គិសនីដំបូងនាចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ខាងមុខ៕