[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Mahindra បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mahindra XUV 3XO ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ដែលតម្លៃលក់ចាប់ពី ៨ ៩៦៣ ដុល្លារឡើងទៅប៉ុណ្ណោះនៅទីផ្សាររបស់ខ្លួន។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo អាចផលិតកម្លាំងបាន ១០៩ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្ក
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្ក ។
ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅរបស់ Mahindra XUV 3XO មានរូបរាងជាជ្រុងៗហាប់ណែន ដោយមានប៉ាណាមុខឌិស្សាញបែប Unique ចង្កៀងមុខប្រភេទ Bi-LED projector ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ ហ្វ្រាំងដៃឡិចត្រូនិចជាមួយមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕