
[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការប្រកាសជាផ្លូវការថា រថយន្តភីកអាប់ Maxus eTerron 9 នឹងទទួលបាននូវជម្រើសម៉ាសុីនម៉ាស៊ូតថ្មី ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី ១៨ ខែធ្នូ ក្នុងឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
ចំពោះរថយន្តភីកអាប់ Maxus eTerron 9 ជម្រើសម៉ាសុីនម៉ាស៊ូតថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ធំជាង Ford Ranger និង Toyota Hilux ដោយផ្តោតលើការរចនាជាសំខាន់សម្រាប់ការដឹងជញ្ជូន។ លើសពីនេះទៅទៀត រថយន្តនេះ ក៏ទទួលបាននូវការរចនាចង្កៀង LED ថ្មី និងប៉ាណាមុខថ្មីដែលមានទំហំធំ។
ជាមួយគ្នានេះដែរ រថយន្តនេះ នឹងដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ២,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងជម្រើសប្រើ 2WD ឬ 4WD។ លើសពីនេះទៅទៀត រថយន្តភីកអាប់នេះនឹងទទួលបានប្រព័ន្ធបូមចំនួន២ (double wishbone independent suspension) នៅផ្នែកខាងមុខ និងប្រព័ន្ធបូមខ្យល់ចំនួន១ ហើយមានប្រព័ន្ធចាក់សោរប៉ុងចំនួន ៣ នៅផ្នែកខាងមុខ កណ្តាល និងខាងក្រោយ។ ខណៈកំណែ Off-road នឹងទទួលបានមជម្រើសប្រព័ន្ធបូម ( Three-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៣, ប្រព័ន្ធបូម (Five-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៥ និងប្រព័ន្ធបូម (multi-link suspension) ដែលមានសមត្ថភាពអូសសណ្តោងបានចំនួន ៣ ៣០០ គីឡូក្រាម ឬ ៣ ៤៩៥ គីឡូក្រាម សម្រាប់ប្រភេទ Off-road ចំណែកម៉ូដែលធម្មតាគឺ ៣ ៥០០ គីឡូក្រាម។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ ក៏ដូចជាប្រព័ន្ធសម្លេង JBL កញ្ចក់ស្ទ្រីមមើលខាងក្រោយ ដៃចង្កូតមានមុខងារកម្តៅ កៅអីខាងមុខមានមុខងារខ្យល់ចេញចូល និងកន្លៃងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕