Mazda លក់រោងចក្រផលិតឡាន CX-5 និង CX-9 ក្នុងតម្លៃត្រឹមមួយដុល្លារ

[ទីផ្សារបរទេស] ដូចជាក្រុមហ៊ុនផលិតរថយន្តដទៃទៀតដែរ Mazda បានលក់ភាគហ៊ុន ៥០% ដែលមានក្នុងក្រុមហ៊ុន Mazda-Sollers Manufacturing Russia (MSMR) ក្នុងទំហំទឹកប្រាក់ត្រឹមប្រមាណ ១ដុល្លារ ប៉ុន្តែមានលក្ខខណ្ឌដែលអាចឲ្យ Mazda ទិញយកវិញក្នុងតម្លៃដូចគ្នា។

លក្ខខណ្ឌទិញយកវិញ អនុញ្ញាតឲ្យ Mazda ទិញយកភាគហ៊ុនពាក់កណ្ដាលដែលបានលក់ក្នុងតម្លៃធូរគ្នា ក្នុងរយៈពេលកំណត់៣ឆ្នាំ គិតចាប់ពីពេលលក់ចេញ។

ពាណិជ្ជកម្ម

នេះមិនមែនជារឿងថ្មីនោះទេ ដោយសារ Ford ធ្លាប់ធ្វើការជួញដូរបែបគ្នានេះ ខណៈដែល Nissan បានលក់ភាគហ៊ុនមាននៅក្រុមហ៊ុន Nissan Manufacturing Russia LLC ក្នុងតម្លៃដូចគ្នា។ ចំណែកក្រុមហ៊ុន  Renault លក់ភាគហ៊ុន ៦៨% របស់ខ្លួនមានក្នុងក្រុមហ៊ុន AvtoVAZ ក្នុងតម្លៃមួយរូបល៍លុយរុស្ស៊ី ជាមួយលក្ខខណ្ឌទិញយកវិញក្នុងរយៈពេល៦ឆ្នាំ។

ត្បិតថា Mazda ទទួលបានប្រាក់១ដុល្លារ ប៉ុន្តែលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងរងផលប៉ះទង្គិចធ្ងន់ធ្ងរ ដោយ Mazda មានចំណែកទីផ្សារ ១,៨% នៅរុស្ស៊ី និងមានរោងចក្រផលិតរថយន្ត CX-5 និង CX-9 ដែលមានលទ្ធភាពផលិតបាន ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

បើតាម Mazda ខ្លួនបានរំពឹងថានឹងរងការខាតបង់ប្រមាណ ៨០លានដុល្លារ ពីការដកខ្លួនចេញពីប្រទេសរុស្ស៊ីម្ដងនេះ៕

Sponsored