Mazda បានបង្ហាញចេញរថយន្ត Carol ដែលជារថយន្តខ្នាតតូចជំនាន់ទី៨សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធម៉ាស៊ីន Hybrid កាន់តែសន្សំសំចៃប្រេងឥន្ធនៈបានល្អប្រសើរជាងមុន។
រថយន្ត Carol ត្រូវបានប្រកាសចេញដំបូងក្នុងឆ្នាំ១៩៦២ ក្នុងនាមជារថយន្តបើកបរក្នុងក្រុងដំបូងរបស់ Mazda ដោយចាប់ពីឆ្នាំ១៩៨០ មកទល់បច្ចុប្បន្នរថយន្តនេះត្រូវបានផលិតដោយក្រុមហ៊ុន Suzuki ក្នុងទ្រង់ទ្រាយជារថយន្ត Suzuki Alto ដែលបានផ្លាស់ប្ដូរម៉ាកមកជា Mazda។
ហេតុដូចនេះហើយទើបរថយន្ត Carol ជំនាន់ថ្មី មានរូបរាងមិនខុសពីរថយន្ត Alto នោះឡើយ ដោយវាមានទំហំប្រវែង ៣៣៩៥ម.ម មានទទឹង ១៤៧៥ម.ម មានកម្ពស់ ១៥២៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៦០ម.ម។
រថយន្តនេះមានចំនួនបីប្រភេទគឺ GL, Hybrid GS និង Hybrid GX ដោយប្រភេទដំបូងគេមានប្រើម៉ាស៊ីន ៦៦០សេសេ ផលិតកម្លាំងបាន ៤៨សេះ ចំណែកប្រភេទ Hybrid មានបន្ថែមនូវម៉ូទ័រនិងអាគុយដែលផ្ដល់ជូនកម្រិតស៊ីប្រេងប្រមាណ ៣,៦១លីត្រ ក្នុងការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
រថយន្ត Mazda Carol នឹងមានដាក់លក់នៅប្រទេសជប៉ុនចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២២ ដោយតម្លៃមានចាប់ពីប្រមាណ ៨ ៧៣០ដុល្លារ ឡើងដល់ប្រមាណ ១១ ៤០០ដុល្លារ៕