ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែងាកឆ្ងាយចេញពីម៉ាស៊ីនម៉ាស៊ូត ប៉ុន្តែក្រុមហ៊ុន Mazda ឯណេះវិញ ទើបតែប្រកាសចេញជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំងថ្មី សម្រាប់ម៉ូដែល CX-60 របស់ខ្លួន។
ជម្រើសម៉ាស៊ីនម៉ាស៊ូតថ្មី ដែលមានឈ្មោះថា e-Skyactiv D នេះ នឹងចូលរួមជាមួយម៉ាស៊ីន Plug-in Hybrid ចំណុះ ៣,០លីត្រ លើរថយន្ត CX-60 សម្រាប់ទីផ្សារអឺរ៉ុប ដែលក្រុមហ៊ុន Mazda ហៅថា “Multi Solution Approach” ដើម្បីឲ្យត្រូវតាមតម្រូវការអតិថិជនផ្សេងៗគ្នា។
ម៉ាស៊ីនម៉ាស៊ូតថ្មីនេះនឹងមាន ២ ប្រភេទ គឺ កម្លាំង ១៩៧សេះ សម្រាប់ម៉ូដែលប្រើប៉ុងក្រោយ និង ២៥១សេះ សម្រាប់ម៉ូដែលប្រើប៉ុងពីរ i-Activ AWD។
ពួកវាទទួលបានជំនួយពីប្រព័ន្ធ mild hybrid កម្លាំង ៤៨វ៉ុល ជួយឲ្យពួកវាកាន់តែស៊ីប្រេងតិច។ ចំពោះម៉ូដែលកម្លាំង ២៥១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៤វិនាទី ហើយមានកម្រិតស៊ីប្រេងជាមធ្យមជាង ៥លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mazda មិនទាន់បានបង្ហាញតម្លៃ និងថ្ងៃចេញលក់សម្រាប់ម៉ូដែល CX-60 ប្រើម៉ាស៊ីនម៉ាស៊ូតនេះឡើយ៕