
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការនាំយករថយន្ត Mazda EZ-60 ស៊េរីថ្មីចុងក្រោយ ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Chongqing Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ក្នុងនោះ Mazda បានប្រកាសថា មកដល់ពេល Mazda EZ-60 ទទួលបានការបញ្ជាកក់ចំនួនច្រើនជាង ២៦ ០០០ គ្រឿងហើយ គិតចាប់ពីថ្ងៃបញ្ចេញជាផ្លូវការ ។
ក្នុងនោះ បើតាមព័ត៌មានការបញ្ជាទិញបច្ចុប្បន្នរបស់ EZ-60 ក្រុមហ៊ុន Mazda និយាយថា អតិថិជនដែលបញ្ជាទិញជាមុនមានអាយុចន្លោះពី ២៥ ទៅ ៤០ ឆ្នាំ ។ លើសពីនេះ ក្រុមហ៊ុនបណ្តាក់រួមគ្នា Changan Mazda ក៏បានអញ្ជើញអ្នកប្រើប្រាស់ឲ្យចែករំលែកទស្សនៈរបស់ពួកគេ ដោយបានរំលេចលើផ្នែកសំខាន់របស់ម៉ូដែលនះ គឺការរចនាលំហូរខ្យល់ aerodynamic នៅផ្នែកខាងក្រៅ រួមទាំងបច្ចេកវិទ្យាទំនើបៗកម្រិតខ្ពស់នៅផ្នែកខាងក្នុង។
គួរឲ្យដឹងថា Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន ប្រើអគ្គីសនីសុទ្ធ EV អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ សម្រាប់ម៉ូដែលអគ្គិសនី លាយសាំង EREV ខណៈការចេញលក់ជាផ្លូវការ នឹងធ្វើឡើងនៅខែ ៨ ឆ្នាំ ២០២៥ ៕