
ក្រុមហ៊ុន Changan Mazda ជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan បានប្រកាសថា រថយន្ត Mazda EZ-60 បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មនៅរោងចក្រក្នុងទីក្រុង Nanjing កាលពីថ្ងៃទី ៤ ខែសីហា ហើយកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយ មុននឹងដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារ។ គិតត្រឹមថ្ងៃទី ៤ ខែសីហា ក្រុមហ៊ុនបានរាយការណ៍ថាមានការកក់ទុកមុននូវរថយន្តនេះបានជាង ៣៨ ០០០ គ្រឿង។
រថយន្ត EZ-60 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅចុងខែកញ្ញា ហើយនឹងមានជម្រើសជាពីរប្រភេទគឺ៖ រថយន្តអគ្គិសនីសុទ្ធ (BEV) និងរថយន្តអគ្គិសនីលាយសាំង extended-range (EREV)។ រថយន្តនេះនឹងក្លាយជារថយន្តអគ្គិសនីនាំចេញទីពីររបស់ក្រុមហ៊ុន Changan Mazda បន្ទាប់ពីរថយន្តប្រភេទ Sedan Mazda EZ-6 (ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា Mazda 6e)។ រថយន្តនេះត្រូវបានរចនាឡើងជាមួយនឹងធាតុផ្សំនៃការរចនា “Kodo” របស់ Mazda និងរួមបញ្ចូលទាំងការកែលម្អលើប្រព័ន្ធលំហូរខ្យល់ (aerodynamic) កាន់តែប្រសើរ។ អ្វីកាន់តែពិសេសរថយន្ដនេះទទួលបានបឹក្សាពីក្រុមវិស្វករមកពីប្រទេសចិន ជប៉ុន និងអឺរ៉ុប ក្នុងការសហការគ្នាដើម្បីកែសម្រួល ដោះស្រាយបញ្ហាការគ្រប់គ្រង និងស្ថិរភាពសម្រាប់ប្រព័ន្ធថាមពលអគ្គិសនី។
រថយន្ត Mazda EZ-60 ដំណើរការដោយបន្ទះឈីប 4nm automotive-grade chip គាំទ្រប្រព័ន្ធអន្តរកម្មពហុម៉ូឌែលដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយមុខងារ Doubao AI, Mianbi Intelligent, និង Qianwen របស់ Alibaba។ លក្ខណៈពិសេសរថយន្ដមានកម្រិតសុវត្ថិភាពខ្ពស់ ដោយសារតួរថយន្តរួមមានធ្នឹមផ្តេកប្រាំពីរ និងធ្នឹមបញ្ឈរប្រាំ ផលិតចេញពីដែកថែបមានកម្លាំងខ្លាំងបំផុត 2,000 MPa និងប្រព័ន្ធសុវត្ថិភាពសកម្មខ្ពស់។
ក្រុមហ៊ុន Changan Mazda បានបញ្ជាក់ថា រោងចក្រនៅទីក្រុង Nanjing ត្រូវបានធ្វើបច្ចុប្បន្នភាពដោយមានខ្សែសង្វាក់ផលិតកម្មពិសេសសម្រាប់រចនារថយន្ត EZ-60 ជាមួយទុនវិនិយោគប្រមាណជិត ២០០ លានយ័ន (ប្រហែល ២៧.៦ លានដុល្លារអាមេរិក )។ រោងចក្រនេះបានអនុវត្តប្រព័ន្ធតាមដានគុណភាព គ្របដណ្តប់លើការលទ្ធកម្មគ្រឿងបន្លាស់ ការត្រួតពិនិត្យតាមខ្សែសង្វាក់ និងការធ្វើតេស្តក្រោយការដំឡើង។
មុនពេលការផលិតជាផ្លូវការ រថយន្តសាកល្បងជាង ៨០០ គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីបញ្ចប់កម្មវិធីត្រួតពិនិត្យជាង ៤០០កម្មវិធី រួមទាំងការផ្ទៀងផ្ទាត់កម្រិតគ្រឿងបន្លាស់ចំនួន ១.៨ លានដង។ ការធ្វើតេស្តលើដងផ្លូវត្រូវបានរាយការណ៍ថាមានចម្ងាយលើសពី ៣លានគីឡូម៉ែត្រ រួមទាំងការធ្វើតេស្តភាពធន់បាន ៥០ ០០០ គីឡូម៉ែត្រ និងការផ្ទៀងផ្ទាត់លើផ្លូវនៅទូទាំងប្រទេសអឺរ៉ុបចំនួនប្រាំបី។
តាមការគ្រោងទុករថយន្ដអគ្គិសនី Mazda EZ-60 ត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្ររថយន្តអគ្គិសនីទូលំទូលាយរបស់ Changan Mazda ពាក់ព័ន្ធនឹងការអភិវឌ្ឍផលិតផលនៅប្រទេសចិនសម្រាប់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនមានគម្រោងបន្តប្រើប្រាស់រោងចក្រ Nanjing ដើម្បីគាំទ្រដល់ម៉ូឌែលផ្សេងៗទៀតនាពេលអនាគតក្រោមយុទ្ធសាស្ត្រនេះ៕