
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសថា មកដល់ពេលនេះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន Mazda EZ-60 ចំនួនច្រើនជាងពី ១៨ ០០០ គ្រឿងហើយ ចាប់តាំងពីបានដាក់បញ្ចេញជាផ្លូវការនៅពិព័រណ៍ Shanghai Auto Show 2025 ។
រថយន្តនេះ ជាកាផលិតរវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform ផ្តល់នៅជម្រើសថាមពលចំនួន ២៖
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល EV
- ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ៣០០ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រនៅពេលប្រើអគ្គិសនី និងសាំងជាមួយគ្នា ។
សម្រាប់ផ្នែកខាងក្រៅ មានភ្ជាប់មកជាមួយកាមេរ៉ា ចំនួន ៥ គ្រាប់ ប្រព័ន្ធចាប់សញ្ញា radar ៥ ទីតាំង និង ultrasonic sensor ចំនួន ១២ ទីតាំង ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើក Adas កម្រតទី ២ ។ បើនិយាយពីរូបរាង និងការឌីស្សាញវិញ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ជាមួយឡូហ្គោ Mazda ថ្មីនៅចំកណ្តាល ចង្កៀងមុខ-ក្រោយ LED កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ា ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុង បានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២៦,៤៥ អ៉ីញ កម្រិត 5K សម្រាប់បញ្ជាមុខងារទូទៅនៅរថយន្ត និងកុងទ័របង្ហាញលើកញ្ចក់ HUD កម្រិត 3D ទំហំ ១០០អ៉ីញ ឧបករណ៍បំពងសំលេង ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ ៕