McLaren លក់ឡានដ៏មានតម្លៃរបស់ខ្លួន ដើម្បីទ្រទ្រង់ការផលិតឡាន Artura

[ទីផ្សារបរទេស] ចូលមកដល់ខែចុងក្រោយនៃឆ្នាំ២០២២ទៅហើយ ប៉ុន្តែ McLaren នៅមិនទាន់ដឹកជញ្ជូនរថយន្ត Artura ទៅកាន់អតិថិជននៅឡើយទេ។ រថយន្តស្ព័រ Hybrid ដែលបានបង្ហាញខ្លួនដំបូងពាក់កណ្ដាលឆ្នាំ២០២១ បានប្រឈមមុខនឹងការពន្យារពេលដោយសារកង្វះខាតឈីបកាលពីឆ្នាំមុន។ យ៉ាងណាក្ដី McLaren ប្រឈមមុខនឹងបញ្ហាមួយទៀតនៅពេលចាប់ផ្ដើមការផលិតដំបូងនូវរថយន្តស្ព័រ Hybrid នេះ។

McLaren បានបង្ហាញនៅក្នុងរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទីបីរបស់ខ្លួន ដោយបាននិយាយថារថយន្ត Artura ត្រូវការដុសខាត់ផ្នែកបច្ចេកទេស ដែលនាំឲ្យមានការពន្យារពេលការផលិត។ ពិតណាស់ការដុសខាត់នេះគឺត្រូវការថវិកា ដែលបានបង្ខំឲ្យ McLaren លក់ចេញនូវរថយន្តដ៏មានតម្លៃរបស់ខ្លួន។

ពាណិជ្ជកម្ម

ក្រុមហ៊ុនឈ្មោះថា Mumtalakat Holding ដែលមានកាន់កាប់ភាគហ៊ុនជិត ៦០% នៅ McLaren បានទិញយករថយន្តមានតម្លៃរបស់ McLaren ក្នុងតម្លៃ ១០០លានផោន (ប្រមាណ ១២៣លានដុល្លារ)។ អ្នកនាំពាក្យ McLaren បានបញ្ជាក់អំពីដំណឹងនេះ ប៉ុន្តែមិនបានបញ្ជាក់ថារថយន្តដែលលក់ចេញគឺជាម៉ូដែលអ្វីនោះទេ ប៉ុន្តែគេដឹងថា McLaren មានកាន់កាប់រថយន្តប្រណាំង Formula 1 ដ៏កម្រ និងប្រភេទ Supercar F1 ចំនួន ៥៤គ្រឿង។

របាយការណ៍ត្រីមាសទីបីបានបង្ហាញថា McLaren រងការខាតបង់ទឹកប្រាក់ប្រមាណ ២៤៧លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ ដែលការខាតបង់នេះបានកើនឡើង ៨៤លានដុល្លារ ធៀបនឹងការខាតបង់កាលពីឆ្នាំទៅ។ បន្ថែមពីនេះទឹកប្រាក់នៅចុងត្រីមាសទីបីរបស់ក្រុមហ៊ុនគឺមាន ១០៦លានដុល្លារ ថយចុះខ្លាំងពីទឹកប្រាក់ ២០៨លានដុល្លារ កាលពីឆ្នាំមុន៕

Sponsored