លោក Mike Flewitt នាយកប្រតិបត្តិ McLaren បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតអំពីអនាគតរបស់ម៉ាករថយន្ត McLaren គឺថានឹងមិនមានផែនការផលិតរថយន្ត SUV ដូចជា Aston Martin, Ferrari ឬ Lamborghini នោះទេ។
យ៉ាងណាក្ដីអនាគតរបស់ McLaren នឹងត្រូវផ្ដោតសំខាន់លើរថយន្ត Hybrid ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ លោក Mike បាននិយាយថា ៖ “ខ្ញុំអាចនិយាយដោយស្មោះត្រង់ថា យើងនឹងបន្ថែមប្រព័ន្ធម៉ាស៊ីន Hybrid លើរថយន្តគឺដើម្បីតែគោរពតាមគោលការណ៍ច្បាប់ប៉ុណ្ណោះ។ ចាប់ពីឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៣ ខ្ញុំមិនសម្លឹងឃើញថាយើង (McLaren) ប្រកាសចេញរថយន្តដែលមិនមែនប្រភេទ Hybrid នោះទេ។”
រថយន្ត Hybrid ជំនាន់ថ្មីដែល McLaren បានបញ្ជាក់ថានឹងប្រកាសចេញគឺរថយន្ត McLaren Artura ដែលនឹងបង្ហាញវត្តមាននៅឆមាសដំបូងនៃឆ្នាំ ២០២១។ រថយន្តនេះនឹងប្រើប្រាស់នូវគ្រោងឆ្អឹងសរសៃកាបូនថ្មីដែលមានឈ្មោះថា MCLA៕