[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត McLaren បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mclaren 750s ដែលជារថយន្តមានទម្ងន់ស្រាល និងមានកម្លាំងខ្លាំងបំផុត មកជា ២ ប្រភេទសម្រាប់ជ្រើសរើសគឺ ម៉ូដែល Coupe និង Spider ជាមួយតម្លៃលក់ចាប់ពី ៣២៤ ០០០ ដុល្លារ ដល់ ៣៤៥ ០០០ ដុល្លារ ។
រថយន្ត Super Car នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង 720S Platform ជាមួយការឌីស្សាញថ្មីជាង ៣០% ។ McLaren 750S នៅតែប្រើប្រាស់ចង្កៀងមុខរចនាបែប aerodynamic design, កាងខាងមុខត្រូវបានរចនាឡើងវិញតាមរចនាប័ទ្ម McLaren ចុងក្រោយបង្អស់ និងគម្លាតនៅការដំឡើងចង្កៀងមុខ LED ត្រូវបានកាត់បន្ថយ។ លក្ខណៈពិសេសមួយក្នុងការរចនាដែល McLaren គឺតួធ្វើពី Carbon-fiber monocoque ដែលមានទម្ងន់ត្រឹមតែ ១ ២៧៧ គីឡូក្រាម ស្រាលជាងរថយន្តជំនាន់មុន ៣០ គីឡូក្រាម។ ខណះម៉ូដែល McLaren 750S Spider មានទម្ងន់ត្រឹមតែ ១ ៣២៦ គីឡូក្រាម ។
បន្ថែមពីនេះ សំណុំនៃថាសកង់ 10-spoke aerodynamic ស្រាលជាងម៉ូដែលមុន ១៣ គីឡូក្រាម បំពង់ស៊ីមាំងចំនួន ២ ដាច់ដោយឡែកមានទម្ងន់ស្រាលដែលខ្ពស់ជាង ៥១ ម.ម ការរចនានេះត្រូវបានបំផុសគំនិតដោយ McLaren P1 និងកាង Active aerodynamic spoiler ធំជាងមុន ២០% ។
ចំពោះនៅផ្នែកខាងក្នុងរបស់ McLaren 750S បានបន្ថែមជាមួយនឹងការធ្វើឲ្យប្រសើរជាមួយនឹងប៊ូតុងចុចបញ្ជាចំនួន ២ នៅលើកុងទ័របង្ហាញព័ត៌មានឌីជីថល ។ ក្នុងនោះ រចនាបថខាងក្នុងត្រូវបានបែងចែកជា ២ គឺ TechLux និង Performance និង បំពាក់ដោយកៅអីស្ព័រធ្វើពី carbon fiber មានទម្ងន់ស្រាលជាងម៉ូដែល 729S ដល់ទៅ ១៧,៥ គីឡូក្រាម ។
McLaren 750S បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 អាចផលិតកម្លាំងបាន ៧២០ សេស ដល់ ៧៥០ សេស និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយរបៀបបើកបរចំនួន ៣ គឺ Comfort, Sport និង Track ហើយក៏បានធ្វើឲ្យប្រសើរឡើងនៅប៉ុងខាងមុខផងដែរ ។ លើសពីនេះ សម្រាប់ម៉ូដែល Coupe និង Spider អាចរត់ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយះពេលតែ ២,៨ វិនាទីប៉ុណ្ណោះ និង Top speed ៣៣២ គីឡូម៉ែត្រក្នុងមួយម៉ោង៕