Mecedes បង្ហើបរាង EQS SUV ម្ដងទៀត មុនការប្រកាសជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានបង្ហាញចេញរូបភាព Teaser ថ្មីមួយទៀតបង្ហាញអំពីរូបរាងខ្លះៗនៃរថយន្តអគ្គិសនី EQS SUV ស៊េរីឆ្នាំ២០២៣ ដែលនឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៩ ខែមេសាខាងមុខនេះ។


រថយន្ត SUV អគ្គិសនីប្រណីតនេះ ត្រូវបាន Mercedes-Benz អភិវឌ្ឍន៍អសើពេលជាយូរមកហើយ ដោយរថយន្តនេះនឹងត្រូវផលិតនៅរោងចក្រក្នុងរដ្ឋ Alabama ហើយនឹងចាប់ផ្ដើមរំកិលខ្លួនចេញពីរោងចក្រនៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ។

រូបភាព Teaser ថ្មី

ខណៈដែល Mercedes-Benz មិនទាន់បានប្រកាសចេញពីលក្ខណៈសម្បត្តិមួយទាក់ទងនឹងផ្នែកបច្ចេកទេស គេរំពឹងថារថយន្តអគ្គិសនីនេះនឹងមានផ្ដល់ជូនជម្រើសថាមពលដូចជារថយន្ត EQS Sedan ដែរ។ នេះមានន័យថាវាអាចចាប់ផ្ដើមជាមួយជម្រើស​ម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបាន ៣២៩សេះ និងជម្រើសម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងបាន ៥១៦សេះ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​រយៈចម្ងាយបើកបរក៏មិនទាន់បានបង្ហាញចេញដែរ ប៉ុន្តែសម្រាប់រថយន្ត EQS 450+ Sedan មានការប៉ាន់ស្មានថាអាចបើកបរបានចម្ងាយប្រមាណ ៥៦៣គីឡូម៉ែត្រ ពេលដែលសាកភ្លើងពេញ។

បើតាមរូបភាពនៃផ្នែកខាងក្នុងដែលក្រុមហ៊ុនធ្លាប់បានបង្ហាញចេញរួចមកហើយនោះ គេអាចដឹងថា EQS SUV នឹងមានតាបឡូឌីជីថលប្រភេទ MBUX Hyperscreen ដែលក្នុងនោះមានកុងទ័រឌីជីថលចំនួនមួយ, មានអេក្រង់កម្សាន្តធំនៅចំកណ្ដាល និង​មានអេក្រង់មួយទៀតទំហំ ១២,៣អ៉ីញ ស្ថិតនៅផ្នែកខាងលើនៃឃ្លុបដាក់ឥវ៉ាន់ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម