Mercedes ចាយលុយ ២ពាន់លានដុល្លារ ពង្រីកការផលិតរថយន្តរបស់ខ្លួននៅចិន បន្ទាប់ពីសហភាពអឺរ៉ុបរឹតបន្តឹងច្បាប់ច្រើនពេក

កាលពីថ្ងៃទី០៤ ខែកញ្ញា ក្រុមហ៊ុន Mercedes-Benz Group បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគជាង ២ពាន់លានដុល្លារ ជាមួយដៃគូក្នុងស្រុក ដើម្បីពង្រីកការផលិតរបស់ខ្លួននៅប្រទេសចិន។

ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីការប្រកាសបិទរោងចក្រ Volkswagen នៅប្រទេសអាល្លឺម៉ង់ និងការដាក់ពន្ធថ្មីរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះចំនួនទឹកប្រាក់ប្រមាណ ១,៤ពាន់លានដុល្លារ នឹងត្រូវបានបែងចែកសម្រាប់ការផលិតរថយន្តដឹកអ្នកដំណើរ ខណៈដែលទឹកប្រាក់ប្រមាណជា ៤៤០លានដុល្លារ ទៀតនឹងត្រូវបានវិនិយោគសម្រាប់រថយន្តពាណិជ្ជកម្មធុនស្រាល។ សម្រាប់ការផលិតនឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ ដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Mercedes-Benz នៅក្នុងប្រទេសចិន គឺក្រុមហ៊ុន Beijing Benz (ជាដៃគូជាមួយ BAIC) និង Fujian Benz។

គួរបញ្ជាក់ថា ក្រុមហ៊ុន Mercedes-Benz នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ូដែល CLA កង់វែងដំបូងគេសម្រាប់ទីផ្សារចិន រួមទាំងរថយន្ត GLE SUV កង់វែង និងរថយន្ត MPV អគ្គិសនីប្រណីតថ្មី ដែលផ្អែកលើគ្រោងឆ្អឹង VAN.EA និង MMA (Mercedes-Benz Modular Architecture) របស់ខ្លួនដែលអាចដំណើរការបានចម្ងាយ ៤០០គីឡូម៉ែត្រ បន្ទាប់ពីសាកថ្មចំនួន ១៥នាទី។

ក្នុងនោះ លោក Ola Källenius ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Mercedes-Benz Group បាននិយាយថា ទីផ្សារប្រទេសចិន គឺជាគ្រឹះស្ថានមួយដ៏សំខាន់របស់ពួកគេក្នុងការផលិតរថយន្តអគ្គិសនីថ្មីៗ រួមជាមួយបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនផងដែរ។ គួរឲដឹងថា ក្រុមហ៊ុន Mercedes-Benz បានវិនិយោគប្រាក់ជាង ១៤ពាន់លានដុល្លារ ក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម