ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសចេញគំរូរថយន្តអគ្គិសនី ប្រភេទវ៉ែនខ្នាតតូចថ្មី ហៅថា EQT។
គំរូរថយន្ត Mercedes EQT ត្រូវបានផលិតឡើងដោយផ្អែកតាមរថយន្ត Renault Kangoo ប៉ុន្តែ Mercedes ធ្វើការបានឌីហ្សាញវាយ៉ាងទាក់ទាញ មិនឲ្យច្រលំជាមួយគេនោះទេ។
EQT មានបំពាក់ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយ LED រាងស្លីមរត់កាត់ពេញមួយផ្នែកខាងក្រោយតែម្តង។ រថយន្តដែលមានប្រវែង ៤,៩ម៉ែត្រនេះ ប្រើទ្វារស្លាយទាំងសងខាង ដែលបើកមកធំល្មមអាចឲ្យអ្នកដំណើរចេញចូលបានស្រួល និងដើម្បីចូលទៅកាន់កៅអីជួរទី ៣ ផងដែរ។
ចំពោះផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែក Nappa Leather និងដៃចង្កូតស្បែក ព្រមទាំងអេក្រង់កម្សាន្តធំ និងដំបូលកញ្ចក់វែង Panoramic Sunroof ទៀតផង។
សូមបញ្ជាក់ថា ប្រសិនបើ Mercedes EQT ប្រើបច្ចេកវិទ្យាអគ្គិសនីដូចទៅនឹងរថយន្ត Kangoo E-TECH ដែរនោះ មានន័យថា វានឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៤៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ១៦៥ម៉ាយ៍ ឬ ២៦៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីវា ក៏ដូចជាកាលបរិច្ឆេទបង្ហាញខ្លួនផ្លូវការឡើយ៕