តួលេខនៃការលក់ក្នុងរយៈពេលកន្លងមកនេះ បានបង្ហាញឲ្យឃើញច្បាស់ៗថារថយន្ត SUV កំពុងបន្តមានប្រជាប្រិយភាពខ្លាំងឡើង ដែលមានក្រុមហ៊ុនមួយចំនួនមិនធ្លាប់ផលិតរថយន្ត SUV សោះ ក៏បានងាកមកផលិតរថយន្តប្រភេទនេះដើម្បីដណ្ដើមចំណែកទីផ្សារនឹងគេផងដែរ។
ទោះបីជារថយន្ត SUV កំពុងឡើងកូដក្ដី ប៉ុន្តែក្រុមហ៊ុន Mercedes-Benz នៅតែមានជំនឿជាក់ពេញទីលើរថយន្តប្រភេទ Sedan ជាពិសេសគឺលើរថយន្ត S-Class របស់ខ្លួន ដែលទើបបង្ហាញចេញជំនាន់ថ្មីកាលពីថ្មីៗនេះ។
ក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ លោក Ola Källenius ប្រធានក្រុមហ៊ុន Mercedes-Benz បានបង្ហាញអារម្មណ៍រីករាយចំពោះចំនួនលក់រថយន្ត SUV របស់ខ្លួន ដែលវាមានចំណែកមួយភាគបីក្នុងចំណោមរថយន្តដែល Mercedes អាចលក់ចេញ។ ប៉ុន្តែលោក Ola មិនបានបាត់បង់ក្ដីសង្ឃឹមលើរថយន្ត Sedan នោះទេជាពិសេសរថយន្ត S-Class។ លោកបាននិយាយថារថយន្ត Sedan ប្រណីត ហាក់ដូចជានៅឈរជើងបានរឹងមាំ។
គួរដឹងថារថយន្ត S-Class នៅតែជារថយន្តដែលលក់បានចំនួនច្រើនមួយសម្រាប់ Mercedes-Benz ដោយវាមានទីផ្សារធំក្នុងប្រទេសចិន ដែលជារៀងរាល់ខែមានរថយន្ត S-Class ចំនួន ៧០០គ្រឿង អាចលក់ចេញលើទីផ្សារប្រទេសចិន៕