Mercedes-AMG SL ឆ្នាំ២០២២ ប្រភេទបើកដំបូល ចេញតម្លៃលក់ជាផ្លូវការ ចាប់ពី ១៣៧៤០០ដុល្លារ

កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Mercedes-AMG បានបញ្ចេញរថយន្ត SL ជំនាន់ថ្មី ដែលមានការឌីហ្សាញរូបរាងថ្មី ហើយឥឡូវនេះ ក្រុមហ៊ុនក៏បានប្រកាសថា រថយន្ត SL ប្រភេទបើកដំបូលបាន នឹងមានតម្លៃចាប់ពី ១៣៧ ៤០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Mercedes-AMG SL 55 Touring មានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀងមុខ LED, ផ្លិតទឹកអូតូ និង កាងកន្ទុយត្រី Active Rear Spoiler ព្រមទាំងយ៉ាន់កង់ទំហំ២០អ៊ីញ ជាមួយប្រព័ន្ធហ្វ្រាំង high-performance braking system ជាដើម។

ពាណិជ្ជកម្ម

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងដៃចង្កូត AMG Performance steering wheel ស្រោបដោយស្បែក Napper Leather ក៏ដូចជា អេក្រង់កម្សាន្តទំហំ ១១,៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែទៀតផង។

រថយន្ត Mercedes-AMG SL 55 Touring ប្រើម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្ឡាំង ៤៦៩សេះ និងកម្លាំងរមួល ៦៩៩ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៩៤គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Mercedes-AMG ក៏មានផ្តល់ជម្រើសមួយម៉ូដែលទៀតដែរ គឺ SL 63 ដែលមានតម្លៃចាប់ពី ១៧៨ ១០០ដុល្លារ ហើយមានបំពាក់ម៉ាស៊ីណ twin-turbo V8 មានកម្លាំង ៥៧៧សេះ និងកម្លាំងរមួល ៧៩៩ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣១៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

Sponsored