
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes CLA ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៦ ប្រភេទប្រើអគ្គិសនីសុទ្ធ EV គ្រោងនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ ខណៈតម្លៃលក់មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ។
Mercedes CLA ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៩២ គីឡូម៉ែត្រ
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៤៩ សេះ និងកម្លាំងរមួល ៥១៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៧១ គីឡូម៉ែត្រ ។ ម៉ូដែលទាំង ២ នេះ បំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 800-volt architecture សាកថ្មតែ ១០នាទី ក៏អាចជិះបាន ៣២៥ គីឡូម៉ែត្រ ខណៈម៉ូដែលប្រើ Hybrid នឹងមកដល់ពេលក្រោយ ។
រថយន្តប្រភេទ sedan ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ៧២២ ម.ម វែងជាងមុន ៤១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៨៩ ម.ម វែងជាងមុន ៦១ ម.ម ។ សម្រាបផ្នែកខាងក្រៅមានប៉ាណាមានពន្លឺរូបផ្កាយចំនួនដល់ទៅ ១៤២គ្រាប់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំចាប់ពី ១៧ អ៉ីញ ដល់ ១៩អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញសម្រាប់អ្នកដំណើរខាងមុខជាប្រភេទ MBUX Superscreen កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic glass roof ។ និងការរួមបញ្ចូលបច្ចេកវិទ្យា AI ដូចជាជំនួយការនិម្មិតដែលដំណើរការដោយ ChatGPT4o និង Google Gemini ទៀតផង ៕