[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes និង Rivian បានប្រកាសអំពីការចុះអនុស្សរណៈយោគយល់ ជាមួយគោលបំណងបង្កើតក្រុមហ៊ុនរួមគ្នាមួយ ដើម្បីផលិតរថយន្តវ៉ែនប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក្នុងតំបន់អឺរ៉ុប។
ក្រុមហ៊ុនទាំងពីរ គ្រោងផលិតរថយន្តវ៉ែន នៅឯសង្វាក់ផលិតកម្មថ្មីសម្រាប់ផលិតរថយន្តអគ្គិសនីសុទ្ធ ដែលនឹងស្ថិតនៅលើទីតាំងរបស់ Mercedes នៅឯភាគកណ្ដាល ឬនៅភាគខាងកើតនៃតំបន់អឺរ៉ុប។ សង្វាក់ផលិតកម្មថ្មី នឹងផលិតរថយន្តសម្រាប់ Mercedes និងសម្រាប់ Rivian ផងដែរ។
ក្រុមហ៊ុនទាំងពីររំពឹងថានឹងផលិតរថយន្តវ៉ែនយ៉ាងតិចពីរម៉ូដែល នៅឯសង្វាក់ផលិតកម្មថ្មី ដោយរថយន្ត Mercedes នឹងប្រើគ្រោងឆ្អឹង VAN.EA ខណៈដែលរថយន្ត Rivian នឹងប្រើគ្រោងឆ្អឹង Rivian Light Van ដែលជាគ្រោងឆ្អឹងជំនាន់ទីពីរសម្រាប់រថយន្តអគ្គិសនីដែលប្រើសម្រាប់ការងារដឹកជញ្ជូន។
Mercedes និង Rivian និយាយថាពួកគេមានមហិច្ឆតាដូចគ្នា ដោយចង់បង្កើនទំហំផលិតនៃរថយន្តវ៉ែនអគ្គិសនី ដើម្បីជួយពិភពលោកផ្លាស់ប្ដូរទៅប្រើប្រព័ន្ធដឹកជញ្ជូនដែលមិនប៉ះពាល់បរិស្ថាន។ ពួកគេអះអាងការសហការគ្នា នឹងអាចកាត់បន្ថយថ្លៃចំណាយ និងធ្វើឲ្យរថយន្តកាន់តែមានតម្លៃធូរថ្លៃ៕