Mercedes-Benz បានធ្វើការអបអរសាទរសមិទ្ធផលដ៏សំខាន់ថ្មីមួយសម្រាប់រថយន្ត G-Class ដោយក្រុមហ៊ុនអាចផលិតរថយន្ត Off-Road នេះបានចំនួន ៤០ម៉ឺនគ្រឿងហើយ។
រថយន្ត G-Class ទី៤០ម៉ឺនគ្រឿង គឺជាម៉ូដែល G400d ពណ៌ក្រហម ដែលមានបំពាក់ម៉ាស៊ីន Turbodiesel ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៣២៥សេះ។ រថយន្តនេះនឹងត្រូវដឹកទៅជូនអតិថិជនម្នាក់រស់នៅប្រទេសអាល្លឺម៉ង់ ដែលអតិថិជនរូបនោះមានកាន់កាប់រថយន្ត G-Class ប្រមាណ ២០ម៉ូដែលមកហើយ។
រថយន្ត G-Class មានប្រវត្តិដំបូងតាំងពីឆ្នាំ ១៩៧២ មកម្ល៉េះ ហើយសម្រាប់រថយន្ត G-Class ជំនាន់ថ្មីគឺត្រូវបានផលិតតាំងពីឆ្នាំ ២០១៨ មក។ ប៉ុន្មានខែមុននេះ Mercedes-Benz បានផ្ដល់ការអាប់ដេតថ្មីលើរថយន្ត G-Class ដោយមានបន្ថែមគ្រឿងតុបតែងជាច្រើនផងដែរ៕