ម៉ាករថយន្តអង់គ្លេស ដែលកាន់កាប់ដោយក្រុមហ៊ុនធំរបស់ចិន SAIC បានប្រកាសចេញនូវរថយន្តភីកអាប់ដំបូងរបស់ខ្លួន នៅលើទីផ្សារប្រទេសថៃ។
រថយន្តនេះតាមពិតប្រើប្រាស់គ្រោងឆ្អឹង និងរូបរាងរបស់រថយន្ត Maxus T70 ដែលជាម៉ាករថយន្តស្ថិតក្រោមការកាន់កាប់របស់ SAIC ដូចគ្នា ហើយគេបានប្ដូរឈ្មោះវាទៅជា MG Extender សម្រាប់លក់នៅប្រទេសថៃ។
ក្រៅពីបានប្ដូរម៉ាកសញ្ញា ការផ្លាស់ប្ដូរមួយទៀតដែល MG បានធ្វើលើម៉ូដែល T70 គឺប្ដូររន្ធខ្យល់ ទៅជារចនាបថប្រចាំត្រកូលមួយរបស់ MG និងប្ដូរចង្កូតពីឆ្វេង ទៅស្ដាំដើម្បីឲ្យត្រូវតាមច្បាប់ចរាចរណ៍របស់ថៃ។
MG Extender មានចែកចេញជា ២ ប្រភេទ គឺ Extended Cabនិង Crew Cab។ ទាំងពីរប្រភេទដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Turbocharged ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៦០ សេះ។ មានជម្រើសប្រអប់លេខចំនួនពីរគឺលេខដៃ ៦ វគ្គ និងលេខស្វ័យប្រវត្តិ ៦ វគ្គ។
រថយន្តភីកអាប់ដំបូងរបស់ MG មានតម្លៃចាប់ផ្ដើមពី ៥៤៩ ០០០ បាត (ប្រមាណ ១៧ ៨៥០ ដុល្លារ) សម្រាប់ Extended Cab និងចាប់ពី ៧៥៩ ០០០ បាត (ប្រមាណ ២៤ ៦៨០ ដុល្លារ) សម្រាប់ប្រភេទ Crew Cab៕