[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC MG បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី នៅឯពិព័រណ៍រថយន្ត Chendu Auto Show ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ជាមួយតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារ ។
MG5 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch ។
រថយន្តនេះមានប្រវែងខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានប៉ាណាមុខថ្មីស្រដៀងគ្នាទៅម៉ូដែល MG3 Hybrid ចង្កៀងមុខ LED ក៏ឌីស្សាញថ្មី ដែលធ្វើឲ្យរថយន្តកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត ។
ចំពោះនៅផ្នែកខាងក្នុងមានភ្ជាប់មកជាមួយកៅអីពូកស្បែកថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕