MINI ចេញឡាន Countryman Boardwalk Edition ថ្មី តម្លៃ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្ត Countryman ប្រភេទ Boardwalk Edition ថ្មី សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយនឹងត្រូវផលិតមានកំណត់ ត្រឹមតែ ២៩គ្រឿងប៉ុណ្ណោះ សម្រាប់ម៉ូដែល Cooper និង ៣០គ្រឿង សម្រាប់ម៉ូដែល Cooper S។

រថយន្ត MINI Countryman Boardwalk Edition ម៉ូដែល Cooper ថ្មីនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥២ ០០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ៤០ ៣៥០ដុល្លារអាមេរិក។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,៧វិនាទី។ ចំពោះកម្រិតស៊ីសាំងវិញគឺ ៦,៣លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកចំពោះម៉ូដែល Cooper S វិញ នឹងមានមានតម្លៃចាប់ពី ៥៨ ៥០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ៤៥ ៤០០ដុល្លារអាមេរិក ហើយមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៩សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី។ ចំពោះកម្រិតស៊ីសាំងវិញគឺ ៦,៧លីត្រ/១០០គីឡូម៉ែត្រ។

រថយន្តទាំង ២ ម៉ូដែលខាងលើនឹងដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ហើយមានជម្រើសតែមួយពណ៌គត់ គឺ Deep Laguna Metallic។ វាក៏មានបំពាក់យ៉ាន់អាលុយមីញ៉ូម ទំហំ ១៨អ៊ីញ និងសម្បកកង់ run-flat tires ផងដែរ។

ក្រៅពីនោះលក្ខណៈពិសេសមួយចំនួនទៀតមានដូចជា ចង្កៀងមុខ, អំពូលកាត់អ័ព្ទ និងចង្កៀងក្រោយ សុទ្ធតែជា LED, កុងទ័រឌីជីថល ៥អ៊ីញ, អេក្រង់កម្សាន្ត ៨,៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, កាមេរ៉ាមើលក្រោយ, ប្រព័ន្ធសំឡេង Harman Kardon និងពូកស្បែកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម