Mini ក៏នឹងឈប់ផលិតឡានប្រើប្រេងឥន្ធនៈដែរ

ស្របពេលដែលច្បាប់កាន់តែតឹងតែងសម្រាប់ក្រុមហ៊ុនផលិតរថយន្ត លើការបំភាយឧស្ម័នពុលនៅអឺរ៉ុប ក្រុមហ៊ុនជាច្រើនបានប្រកាសថា នឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ធនៈសាំង-ម៉ាស៊ូត)។

ក្រុមហ៊ុនមួយចំនួន មានដូចជា Bentley, Ford, Jaguar និង Volvo នឹងឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុងទាំងស្រុង នៅត្រឹមឆ្នាំ២០៣០ ហើយក្នុងនោះក៏ហាក់បីដូចជាមាន Mini ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ AutoNews បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស ដែលស្ថិតក្រោមដំបូលរបស់ BMW នេះ នឹងបញ្ចេញរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ចុងក្រោយបង្អស់របស់ខ្លួន នៅក្នុងឆ្នាំ២០២៥។ បន្ថែមពីនេះ ពួកគេក៏រំពឹងថានឹងអាចលក់រថយន្តអគ្គិសនីឲ្យបានពាក់កណ្តាល នៃចំនួនលក់សរុប ត្រឹមឆ្នាំ២០២៧ ផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុន Mini ក៏មានរថយន្តអគ្គិសនីផ្ទាល់ខ្លួនរួចទៅហើយដែរ គឺម៉ូដែល Cooper SE Electric ដែលមានកម្លាំង ១៨១សេះ អាចបើកបរបានចម្ងាយ ១៧៧គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម