ក្រុមហ៊ុន BMW Group Thailand មានគម្រោងចង់ប្រើរោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន ដើម្បីផលិតរថយន្ត Mini ប្រើអគ្គិសនីលក់លើទីផ្សារប្រទេសថៃ ដោយសារតែការនាំចូលពីប្រទេសចិនមកថៃនឹងមិនអស់ពន្ធឡើយ។
នាយកក្រុមហ៊ុន BMW Group Thailand ថ្មី លោក Alexander Baraka បានឲ្យដឹងថា គម្រោងនេះគឺចង់លក់រថយន្តអគ្គិសនី ទៅកាន់ទីផ្សារប្រទេសថៃ ខណៈរោងចក្ររបស់ខ្លួននៅខេត្ត Rayong (ប្រទេសថៃ) ទទួលខុសត្រូវលើរថយន្ត Plug-in Hybrid និង រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើឥន្ធនៈ)។
គួរឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW Group និង ក្រុមហ៊ុនរថយន្តចិន Great Wall Motors បានប្រកាសចាប់ដៃគ្នា ដើម្បីសាងសង់រោងចក្រថ្មី នៅក្នុងខេត្ត Jiangsu ប្រទេសចិន។
ក្រុមហ៊ុនទាំង២នេះ បានវិនិយោគទំហំទឹកប្រាក់ចំនួន ៧១០លានដុល្លារលើរោងចក្រថ្មី ដែលនឹងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ ប្រតិបត្តិការណ៍នេះនឹងអាចឲ្យពួកគេផលិតរថយន្តសរុប ១៦០ ០០០គ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរួមមានរថយន្ត Mini ប្រើអគ្គិសនី និងរថយន្តម៉ាក Great Wall ផងដែរ។
គួរឲ្យដឹងថា រថយន្ត Mini អគ្គិសនី ត្រូវបានដាក់លក់ក្នុងតម្លៃ ២,២៩លានបាត ឬប្រហែលខ្ទង់ ៧៣ ២០០ដុល្លារ នៅលើទីផ្សារប្រទេសថៃ៕