[ទីផ្សារបរទេស] ក្រុមហ៊ុន Mini USA ទើបតែបានប្រកាសចេញនូវរថយន្តម៉ូដែលពិសេសថ្មី ហៅថា Mini Brick Lane Edition ដែលទទួលបានការអាប់ដេតតែមផ្នែកខាងក្រៅយ៉ាងពិសេស ព្រមទាំងកាប៊ីនខាងក្នុងផងដែរ។
តែមខាងក្រៅលើរថយន្ត Mini Brick Lane Edition មានពណ៌ខៀវ Frozen Blue, Mint និង Soul Blue ខណៈតួខ្លួនរថយន្តប្រើប្រាស់ពណ៌ស White Silver Metallic និងរំលេចនូវដំបូលពណ៌ខៀវ Soul Blue។
មិនតែប៉ុណ្ណោះ វាក៏បានបំពាក់គម្របកញ្ចក់ពណ៌ខ្មៅ និង លេងក្រូមេ ក៏ដូចជាបន្ថែមលក្ខណៈពិសេសមួយចំនួនទៀត រួមទាំង ដំបូល panoramic moonroof, គម្របយ៉ាន់ និង យ៉ាន់កង់ទំហំ ១៧អ៊ីញ Tentacle Spoke Black ផងដែរ។
ចំណែកឯផ្នែកខាងក្នុងវិញ រថយន្ត Mini Brick Lane Edition បានបំពាក់ពូកស្បែកប្រភេទ Carbon Black Cross Punch Leather ហើយកៅអីមុខមានមុខងារកម្តៅ, ដៃចង្កូតស្បែក Nappa Leather, ប្រព័ន្ធសំឡេង Harman/Kardon premium sound system និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ទៀតផង។
រឹតតែពិសេស កញ្ចប់ Option “Touchscreen Navigation Plus Package” ត្រូវបានបន្ថែមលើម៉ូដែល Brick Lane Edition នេះតែម្តង ដោយក្នុងនោះរួមមាន កុងទ័របាញ់លើកញ្ចក់, ព័ត៌មានចរាចរនៅពេលជាក់ស្តែង, មុខងារ Apple CarPlay, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង កុងទ័រឌីជីថល ផងដែរ។
សូមបញ្ជាក់ថា រថយន្ត Mini Brick Lane Edition ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៥ ៦៧៥ដុល្លារ សម្រាប់ម៉ូដែល Hardtop 2 Door និងតម្លៃ ៣៦ ៦៧៥ដុល្លារ សម្រាប់ម៉ូដែល Hardtop 4 Door។ វានឹងចេញលក់នៅពាក់កណ្តាលខែមីនា ខាងមុខនេះតែម្តង៕