Mitsubishi Xpander Cross ២០២២ ចេញលក់ក្នុងប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២២ ដែលមានការកែមុខមាត់ថ្មី ជាផ្លូវការក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងតម្លៃលក់ចាប់ពី ២១ ១៤០ ដុល្លារសម្រាប់ម៉ូដែលប្រើលេខដៃ និង ២២ ៩០០ ដុល្លារសម្រាប់ម៉ូដែលប្រើលេខអូតូ។

សម្រាប់រថយន្ត Mitsubishi Xpander មុខមាត់ថ្មីបានដាក់បង្ហាញចេញនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែតុលា ឆ្នាំ២០២១ ខណៈរថយន្ត Mitsubishi Xpander Cross ទើបទទួលបាននូវការអាប់ដេតនៃម៉ូដែលឆ្នាំ២០២២នេះ។

ពាណិជ្ជកម្ម

ក្រឡេកមកមើលការរចនា Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២២ ថ្មីនេះ ភ្ជាប់មកជាមួយប៉ាណា​រចនា​ថ្មីអមជាមួយចង្កៀងមុខ LED រាងអក្សរ T ជាមួយនឹងចង្កៀងកាត់អ័ព្ទ LED ខណៈដែលចង្កៀងខាងក្រោយ LED ត្រូវបានរចនាឡើងមានរាងអក្សរ T ដើម្បីស៊ីគ្នានឹងចង្កៀងមុខ, កាងខាងមុខ និងខាងក្រោយការរចនាថ្មី បន្ទះទ្វារខាងក្រោយពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ២ពណ៌ត្រូវបានររចនាថ្មីផងដែរ។

ងាកមកមើលនៅខាងផ្នែកក្នុងវិញ ម៉ូដែលនេះបន្ថែមភាពទំនើបជាងមុនជាមួយនឹងកុងទ័រព័ត៌មានប្រភេទ LCD Meter Cluster ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ Multi Around Monitor, ដៃចង្កូតស្រោបដោយស្បែកពហុមុខងារ 4-spoke កៅអីស្បែកពីរពណ៌មុខងារកាត់បន្ថយកំដៅ, ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិចជាមួយនឹងមុខងារ Brake Auto Hold, កន្លែងសាកថ្មឥតខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ឌីជីថលជាមួយមុខងារ Max Cool ផងដែរ។

ខណៈពេលដែលប្រព័ន្ធសុវត្ថិភាពនៅតែមានជាស្តង់ដារ ដូចជាជាប្រព័ន្ធ ASC, ប្រព័ន្ធហ្វ្រាំង ABS / EBD/BA, ប្រព័ន្ធជំនួយការឡើងចំណោត (HSA) និងពោងការពារសុវត្ថិភាព។

ចំពោះផ្នែកម៉ាស៊ីនរបស់ Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២២ មុខមាត់ថ្មី​នេះ នៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៥ វគ្គ៕

Sponsored