Nissan បង្ហាញចេញឡាន SUV អគ្គិសនីថ្មី តម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

Nissan បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី​ថ្មី​ម៉ូដែល Ariya ជា​ស៊េរី​ឆ្នាំ ២០២២ ដែល​នឹង​ចាប់​ផ្ដើម​លក់​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ជា​មួយ​តម្លៃ​ចាប់​ពី ៥​លាន​យេន (ប្រមាណ ៤៦ ០០០ដុល្លារ) ហើយ​នៅ​ចុង​ឆ្នាំ ២០២១ នឹង​ដាក់​លក់​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង រួម​ទាំង​ប្រទេស​ចិន។

Nissan នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​នេះ​ដោយ​មាន​ជម្រើស​​​បួន​ប្រភេទ។ ទី​មួយ​ជា​ប្រភេទ​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ បំពាក់​នូវ​អាគុយ​ទំហំ ៦៥ kWh និង​មាន​ម៉ូទ័រ​ដែល​ផលិត​កម្លាំង​បាន ២១៥សេះ។ ​ប្រភេទ​នេះ​អាច​ជិះ​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់​មក​ទៀត​ជា​ប្រភេទ​​ប៉ុង​មួយ​ដូច​គ្នា ប៉ុន្តែ​មាន​អាគុយ​ទំហំ ៩០kWh និង​មាន​កម្លាំង ២៣៩សេះ ដែល​អាច​ជិះ​បាន​ចម្ងាយ ៦១០ គីឡូម៉ែត្រ​ឯណោះ។ ទី​បី​ជា​ប្រភេទ​ប្រើ​ប៉ុង​ពីរ ដែល​មាន​អាគុយ​ទំហំ ៦៥kWh និង​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ​ផលិត​កម្លាំង​បាន ៣៣៥សេះ ជិះ​បាន​ចម្ងាយ ៤៣០គីឡូម៉ែត្រ។ ចុង​ក្រោយ​គេ​ជា​ប្រភេទ​ប៉ុង​ពីរ​ប្រើ​អាគុយ ៩០kWh និង​មាន​កម្លាំង​ ៣៨៩សេះ ដែល​ជិះ​បាន​ចម្ងាយ ៥៨០គីឡូម៉ែត្រ។

និយាយ​ពី​រូបរាង​រថយន្ត Nissan Ariya នេះ​វិញ ក្រុម​អ្នក​ឌីហ្សាញ​បាន​រក្សា​​ការ​ប្រើ​ប្រាស់​រូបរាង​ដូច​ជា​រថយន្ត​ Concept ដែល​​ក្រុមហ៊ុន​ធ្លាប់​បង្ហាញ​ចេញ​កន្លង​មក។ នា​ផ្នែក​ខាង​មុខ​គឺ​មាន​​ការ​ឌីហ្សាញ​ផ្ទាំង​ប៉ាណា​បែប​ 3D និង​បំពាក់​ដោយ​ឡូហ្គោ​ Nissan ថ្មី។ កង់​រថយន្ត​គឺ​ជា​ប្រភេទ Alloy ដែល​មាន​ជម្រើស​ទំហំ ១៩អ៊ីញ និង ២០អ៊ីញ។

ផ្នែក​ខាង​ក្នុង​ជា​ផ្នែក​ដែល​គេ​ចាប់​អារម្មណ៍​ ដោយ​មាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ទំនើបៗ​ជា​ច្រើន ដូច​ជា​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ និង​មាន​អេក្រង់​កម្សាន្ត​ទំហំ ១២,៣អ៊ីញ​ផង​ដែរ។ រឹត​តែ​គួរ​ចាប់​អារម្មណ៍​នោះ​គឺ គេ​បាន​ប្រើ​ប្រាស់​ប៊ូតុង Touch បង្កប់​ខ្លួន​លើ​តួ​រថយន្ត ជំនួស​ឲ្យ​គ្រាប់​ចុច​ធម្មតា ដែល​ប្រើ​សម្រាប់​បញ្ជា​សីតុណ្ហភាព និង​មុខងារ​ដទៃ​ទៀត​ជា​ច្រើន។

Nissan ក៏​បាន​បំពាក់​រថយន្ត Ariya ជា​មួយ​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ ProPILOT 2.0 និង ProPILOT Remote Park ផង​ដែរ ដែល​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​ចំនួន​ ៧​គ្រាប់, មាន​រ៉ាដា​បញ្ចេញ​រលក​សញ្ញា​បាន ៥​មីល្លីម៉ែត្រ និង Sensor Ultrasonic Sonar ចំនួន​ ១២​គ្រាប់​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម